គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Friday, November 6, 2015

ការវិភាគ

បទពាក្យ ៩

ស្តៅម្កាក់ខ្វិត ល្វីងជូរចត់ ជារសជាតិ
ខ្ទឹមរមៀត ធាតុផ្សំគ្រឿង រសសម្ល
ចិត្តមនុស្ស ពិតខុសគ្នា មានខ្មៅស 
អាក្រក់ល្អ ខ្លះស្មោះស ខ្លះវៀចវេរ។
ខ្លាដំរី កាចនិងស្លូត ពស់មានពិស
ជ្រៃចាក់ប្ញស ជ្រែករុក្ខា ដើមជាមេ
សុនកឈ្មោល សុនខីញី ម្ចាស់កុំជេរ
ភ្នែកវារេ ខំសម្លឹង ចាំយាមផ្ទះ។
ខែចេត្រក្តៅ ក្រៅហួតហែង ស្តែងយ៉ាងជាក់
កត្តិកធ្លាក់ ញាក់រងា ទល់ថ្ងៃរះ
វស្សាផ្គរ លាន់គគ្រឹក រន្ទះជះ
ចាប់ព្រលះ មេឃងងឹត ធ្លាក់ទឹកភ្លៀង។
ម្លិះចំប៉ា គន្ធក្រអូប គួរចាប់ចិត្ត
មិនស្នេហ៍ស្និទ្ធ ដិតវលិ៍្លផោម ចោមត្រួយល្ងៀង
ព្រលឹតទង គងរំចង់ ជ្រៀតកណ្តៀង
ចិត្តមានល្អៀង ផ្អៀងទេរទន់ ស្អប់ស្រលាញ់។
យ៉ាងណាមិញ ការវិភាគ ញែកខ្លឹមសារ
ចារអក្ខរា គិតចាប់ចង ដេញប្រមាញ់
មើលឱ្យជាក់ វគ្គសេចក្តី កុំគ្នាន់ក្នាញ់
ចង់ឈ្នះចាញ់ មិត្តឯងអញ រេទេរចិត្ត។
ការកំណត់ ចែកអត្ថន័យ សឬខ្មៅ
គូសចាប់ដៅ ក្រៅឬក្នុង ធូរឬស្អិត
គុណសម្បត្តិ ចរិយា ចិន្តាស្និទ្ធ
កុំកៀកកិត យកអារម្មណ៍ ជាមូលដ្ឋាន។
គុណវិបត្តិ ពិតខ្វះខាត ប្រាកដមាន
អ្នកស្មេរស្មៀន ចេះលៃលក កុំគិតស្មាន
ត្រូវគិតគូរ លើកសម្អាង បង្ហាញដាន
កុំឱ្យខាន គិតឱ្យសព្វ គ្រប់ទិសទី។
ធ្វើវិភាគ លើបញ្ហា គ្រប់ចំណោទ
ត្រូវពិសោធន៍ ផ្ចង់ពិនិត្យ គិតសំភី
ក្រុមវិភាគ ពិតជាមាន ទម្រង់ពីរ
វិភាគី អាចចាប់យក បែបគុណភាព ( qualitative) ។
ទម្រង់នេះ ( qualitative) ដែលសំដៅ ដៅជាគ្នា
ការពណ៌នា ធ្វើសម្ភាសន៍ គិតប្រៀបធៀប
ចាប់អង្កេត ដំណើររឿង ធំខ្ពស់ទាប
យើងត្រូវជ្រាប គិតថ្លឹងថ្លែង ឱ្យហ្មត់ហ្មង។
ទិន្នន័យ ដែលប្រមូល វាស់មិនបាន
គិតប្រមាណ ជាលទ្ធផល បានចងក្រង
គិតគុណគូរ គណនា វិភាគផង
ធ្វើកម្រង វាយតម្លៃ ជាផ្លែផ្កា។
ពហិភាព ក្លិនសម្ផស្ស ពណ៌រសជាតិ
ជាសារធាតុ ត្រូវវែកញែក ន័យខ្លឹមសារ
ប្រុងប្រយ័ត្ន មិនប្រហែស ខំសិក្សា
ពិចារណា រាល់កិច្ចការ យ៉ាងជឿជាក់។
ចំណែកឯ បែបបរិមាណ ( quantitative) ផ្តោតទៅលើ
រាល់ទង្វើ រាប់ចំនួន បូកប្រទាក់
ដកគុណចែក ធៀបផ្គូរផ្គង គងជាវគ្គ
ធ្វើជាធ្នាក់ គិតត្រិះរិះ បរិយាយ។
ទិន្នន័យ អាចវាស់បាន មានប្រវែង
ចារចងចែង ល្បឿនទម្ងន់ អធិប្បាយ
កម្ពស់ថ្លៃ អាយុពេល អភិប្រាយ
ផ្ទៃទាំងឡាយ សញ្ជឹងគិត ឱ្យហ្មត់ចត់។
ការសន្និដ្ឋាន យើងកុំស្មាន ត្រូវសំអាង
ជាពស្តុតាង ពិតតឹកតាង ជាកំណត់
ដាក់ហ្វូតណត (footnote) នៅខាងក្រោម ជាបែបបទ
វាជាផ្នត់ ចន្ទល់ផ្អែក ទប់មាំពិត។
ទីអវសាន មិនត្រូវភ្លេច ត្រូវចងចាំ
ជាចំណាំ គន្ថនិទ្ទេស ( references)ណាមាសមិត្ត
ដាក់ជានិច្ច ភ្ជាប់ជាមួយ ចងរួមរឹត
កុំប្រឌិត នាំហ្មងសៅ ដល់សំណេរ។





ប្រភពរូបភាពៈimmortaldc.com

No comments:

Post a Comment

ម៉ោងលើពិភពលោក