គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Friday, December 18, 2015

រឿងក្តីអនុវត្ត(case study/ cas pratique)


ពូសួនបានមកពិគ្រោះយោបល់ជាមួយអ្នកលើបញ្ហាសុពលភាពនៃកិច្ចមួយចំនួន(actes)ដែលគាត់បានបង្កើតកន្លងមកនេះ។

នៅខែមុនកន្លងមក  គាត់បានលក់ម៉ាស៊ីនថតមួយគ្រឿង្យទៅមិត្តរួមការងារជាមួយម្នាក់  ក្នុងថ្លៃ៥០០ដុល្លារ ។ ​កិច្ចសន្យាបានបង្កើត នៅអាហារដ្ឋាននៃសហគ្រាសធ្វើការរបស់អ្នកទាំងពីរ ប៉ុន្តែ មិនបានធ្វើជាលាយលក្ខណ៍អក្សរអ្វីទេ ។ អ្នកទិញបានព្រមព្រៀងដោយផ្ទាល់មាត់។ ប៉ុន្តែ មកដល់ពេលនេះ គាត់បានផ្លាស់ប្តូរចិត្ត។ លោកពូសួនមានការខឹងសម្បារ ពីព្រោះគាត់យល់ថា ការលក់បានធ្វើរួចរាល់ស្រេចហើយ ។

នៅឆ្នាំ២០១៣ កូនប្រុសរបស់ពូសួន ឈ្មោះ សាន​មានបំណង  ទិញផ្ទះ មួយល្វែង ។ ដើម្បីជួយកូនគាត់ ពូសួន បានធ្វើប្រទានកម្មផ្ទាល់ដៃ នូវចំនួនទឹកប្រាក់ ៣ម៉ឺនដុល្លារ ។ ថែមលើសនេះទៅទៀត សាន ត្រូវខ្ចីលុយពីធនាគារ ចំនួន៨ម៉ឺនដុល្លារ ។ ពូសួនធ្វើជាអ្នកធានា ក្នុងរឿងកម្ចីនេះ បានធ្វើជា កិច្ចសន្យា ជាលាយលក្ខណ៍អក្សរ នូវចំនួនទឹកប្រាក់ធានា នៅទីស្នាក់ការធនាគារ។ ​លើសពីនេះទៅទៀត ធនាគារខ្លាចក្រែង ប្រាតិភោគនេះ មិនគ្រប់គ្រាន់បានទទួលពីសាននូវការសន្យាហ៊ីប៉ូតែក លើផ្ទះត្រូវទិញ។ បច្ចុប្បន្ន សាន កំពុងជួបវិបត្តិហិរញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរ ហើយឪពុករបស់គាត់ ក៏មានការភិតភ័យពី ការចូលខ្លួនទៅជំនួសកូនក្នុងរឿងសងជួសនូវប្រាក់កម្ចីរបស់កូន។

សំគាល់ៈ ចំណោទដែលបានចោទជាសំណួរសម្រាប់លំហាត់នេះ ត្រូវបានផ្តោតទៅលើ បញ្ហាទម្រង់ ឬបញ្ហាភស្តុតាង និងទ្រឹស្តីទូទៅនៃកិច្ចសន្យា។ វិធានទាំងឡាយដែលមានទំនាក់ទំនងនឹងភស្តុតាង ដែលបានរៀននៅឆ្នាំទី១ ត្រូវបានសន្មតថា បានរៀនរួចហើយ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា


Friday, December 11, 2015

សំណួរនីតិកិច្ចសន្យា

1.ដូចម្តេចដែលហៅថាកិច្ចសន្យាព្រមព្រៀង? ចូរលើកឧទាហរណ៍មកបញ្ជាក់។
2.ដូចម្ដេចដែលហៅថាកិច្ចសន្យាភណ្ឌិក(ប្រត្យក្ស)? ចូរលើកឧទាហរណ៍មកបញ្ជាក់។
3.ដូចម្តេចដែលហៅថាកិច្ចសន្យាឱឡារិក? ចូរលើកឧទាហរណ៍មកបញ្ជាក់។
4.ដូចម្តេចដែលហៅថាកិច្ចសន្យាសជ្ជកម្ម? ចូរលើកឧទាហរណ៍មកបញ្ជាក់។
5.ដូចម្តេចដែលហៅថាកិច្ចសន្យាចរចា(ស្រុុះស្រួល)? ចូរលើកឧទាហរណ៍មកបញ្ជាក់។
6.ដូចម្ដេចដែលហៅថាកិច្ចសន្យាតាមបញ្ញត្តិច្បាប់? ចូរលើកឧទាហរណ៍មកបញ្ជាក់។
7.ដូចម្ដេចដែលហៅថាកិច្ចសន្យាឯកតោភាគី? ចូរលើកឧទាហរណ៍មកបញ្ជាក់។
8.ដូចម្ដេចដែលហៅថាកិច្ចសន្យាអញ្ញមញ្ញ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
9.ដូចម្ដេចដែលហៅថាកិច្ចសន្យាមូលា? ចូរលើកឧទាហរណ៍មកបញ្ជាក់។
10.ដូចម្ដេចដែលហៅថាកិច្ចសន្យាមុធា? ចូរលើកឧទាហរណ៍មកបញ្ជាក់។
11.ដូចម្ដេចដែលហៅថាកិច្ចសន្យាមិនទៀង? ចូរលើកឧទាហរណ៍មកបញ្ជាក់។
12.ដូចម្ដេចដែលហៅថាកិច្ចសន្យាទៀងឬកិច្ចសន្យាដូរ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
13.ដូចម្ដេចដែលហៅថាកិច្ចសន្យាបន្តបន្ទាប់? ចូរលើកឧទាហរណ៍មកបញ្ជាក់។
14.ដូចម្ដេចដែលហៅថាកិច្ចសន្យាមិនបន្តបន្ទាប់ ឬ កិច្ចសន្យាភ្លាមៗ?
ចូរលើកឧទាហរណ៍មកបញ្ជាក់។
15.ដូចម្ដេចដែលហៅថាកិច្ចសន្យាមានឈ្មោះ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
16.ដូចម្ដេចដែលហៅថាកិច្ចសន្យាគ្មានឈ្មោះ? ចូរលើកឧទាហរណ៍មកបញ្ជាក់។

Wednesday, December 2, 2015

សំណួរមេរៀន នីតិកាតព្វកិច្ច


១.ដូចមេ្តចដែលហៅថាកិច្ចសន្យាឱឡារិក?ចូរឲ្យឧទាហរណ៍។
២.ដូចមេ្តចដែលហៅថាកិច្ចសន្យាប្រត្យក្ស(ភណ្ឌិក) ? ចូរឲ្យឧទាហរណ៍។
៣.ចូរអ្នកពន្យល់ពីគោលការណ៍ព្រមព្រៀងនិយម?
៤.ចូរអ្នកបកស្រាយពីគោលការណ៍នៃទ្រឹស្ដីស្វ័យភាពនៃឆន្ទៈ?
៥.នៅពេលប្រលង ប្រធានបទមួយស្តីពីសេរីភាពក្នុងការចុះកិច្ចសន្យា
តើអ្នកបកស្រាយពីចំណុចអ្វីខ្លះ?
៦.តើការកំណត់ខ្លឹមសារ អត្ថន័យនៃកិច្ចសន្យាមានចែងក្នុងមាត្រាណានៃអត្ថបទគតិយុត្ត:
ក. ខ្មែរ
ខ. បារាំង
៧.ចូរអ្នកសូត្រមាត្រាទាំងនេះ(មាត្រាទាក់ទងសំណួរទី៦)។

Saturday, November 28, 2015

តួសេចក្តីនៃសារណា

តួសេចក្តី ជាផ្នែកមួយកាន់តែមានសារសំខាន់ ព្រោះថាតូសេចក្តី ស្មេរត្រូវអធិប្បាយ ពន្យល់បំភ្លឺ ខ្លឹមសារ អត្ថន័យ រៀបរាប់សាច់រឿងលម្អិត ស៊ីជម្រៅ ។ នៅក្នុងតួសេចក្តីនេះ ស្មេរ លើកយក ទ្រឹស្តីដែលទាក់ទងនឹងប្រធានបទ មកបកស្រាយ ពន្យល់ លើកជាអំណះអំណាង មានទាំង ទស្សនកថា និង បដិទស្សនកថា រិះគន់ទស្សនៈ និងសំយោគទស្សនកថា   រួមទាំងវិធីសាស្រ្តអនុមានញែក អនុមានរួម ប្រកបដោយវិចារណកិច្ច និងតក្កវិជ្ជា។ លើសពីនេះទៅទៀត ស្មេរត្រូវដាក់បង្ហាញពីកិច្ចការស្រាវជ្រាវកើតចេញពីការធ្វើអង្កេត ធ្វើជាពិសោធន៍(ប្រសិនបើមាន) ដោយបង្ហាញលទ្ធផល​រួមទាំងការធ្វើវិភាគ ស្វែងរកមូលហេតុនៃបញ្ហា និងដំណោះស្រាយផងដែរ។

អាស្រ័យហេតុនេះ ការបកស្រាយ បំភ្លឺ យ៉ាងក្បោះក្បាយ ច្បាស់លាស់ ទាមទារស្មេរធ្វើប្លង់លម្អិតឱ្យមានភាពប្រទាក់ ស៊ីសង្វាក់គ្នា ព្រមទាំងតក្កវិជ្ជាផង ។ ការប្រើប្រាស់ចំណងជើងជំពូក ផ្នែក កថាខណ្ឌ ក៏មិនត្រូវ ប្រើប្រាស់ពាក្យច្រំដែល ជាន់គ្នាដដែលៗ ផងដែរ។ 

ការរៀបចំប្លង់លម្អិតក្នុងតួសេចក្តី
ទម្រង់ប្លង់អាចមានរបៀបផ្សេងៗ អាស្រ័យដោយស្មេរមានចំណូលចិត្ត។ នេះជាទម្រង់ប្លង់ខ្លះៗ ។


ទម្រង់ទី១ ជាទម្រង់ ប្រើអក្សរ និងលេខ ( ជំពូក ផ្នែក កថាខណ្ឌ ក ខ )  ដូច្នេះ វាមាន លក្ខណៈល្អម៉្យាងដែលអនុញ្ញាតឱ្យស្មេរធ្វើការបកស្រាយមិនមានការច្រឡំ និង ផ្តល់ដល់មិត្តអ្នកអានងាយយល់ និងងាយចាប់បាននូវខ្លឹមសារដោយងាយស្រួល និងចងចាំបាន។

ជំពូក១……………………………
          ផ្នែក១……………………
                     កថាខណ្ឌ១…………………………
                               ក……………………………
                               ខ……………………………
                     កថាខណ្ឌ២…………………………
                               ក……………………………
                               ខ……………………………
          ផ្នែក២……………………
កថាខណ្ឌ១…………………………
                               ក………………………………
                               ខ………………………………
                     កថាខណ្ឌ២……………………………
                               ក………………………………
                               ខ………………………………
ជំពូក២……………………………
          ផ្នែក១……………………
                     កថាខណ្ឌ១…………………………
                               ក……………………………
                               ខ……………………………
                     កថាខណ្ឌ២…………………………
                               ក……………………………
                               ខ……………………………
          ផ្នែក២……………………
កថាខណ្ឌ១…………………………
                               ក……………………………
                               ខ……………………………
                     កថាខណ្ឌ២…………………………
                              ក…………………………
                              ខ…………………………

   ទម្រង់ប្លង់ទី២ ជាទម្រង់ប្លង់មួយដែលប្រើលេខសុទ្ធសាធ ( ១.,.,., …) ដែលមានស្មេរជាច្រើនតែងតែប្រើប្រាស់វា។ ដោយសារតែវាប្រើប្រាស់លេខសុទ្ធទាំងអស់ ដូច្នេះ ទម្រង់នេះនាំឱ្យ មានគុណវិបត្តិមួយចំនួន គឺ វាធ្វើឱ្យស្មេរ និងអ្នកអានមានការច្រឡំ ភាំងភាន់ ពិបាកអាន និងនាំឱ្យម្ចាស់សំណេរងាយភាន់ណាស់ ។
                          
ជំពូក១………………………………
          ១ ១…………………………
                     ១ ១ ១……………
                               ១ ១ ១ ១ ………………
                               ១ ១ ១ ២………………
                     ១ ១ ២……………
                               ២ ១ ១ ១ ………………
                               ២ ១ ១ ២………………

          ១ ២…………………………
                     ២ ១ ១……………
                               ២ ១ ១ ១ ………………
                               ២ ១ ១ ២………………
                     ២ ១ ២……………
                               ២ ១ ២ ១ ………………
                               ២ ១ ២ ២………………        
ជំពូក២………………………………
          ២ ១…………………………
                     ២ ១ ១……………
                               ២ ១ ១ ១ ………………
                               ២ ១ ១ ២………………
                     ២ ១ ២……………
                               ២ ១ ២ ១ ………………
                               ២ ១ ២ ២………………
          ២ ២…………………………
                     ២ ២ ១……………
                               ២ ២ ១ ១ ………………
                               ២ ២ ១ ២………………
                     ២ ២ ២……………
                               ២ ២ ២ ១ ………………
                               ២ ២ ២ ២………………


រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

Friday, November 27, 2015

សេចក្តីផ្តើមនៃសារណា


សេចក្តីផ្តើម ជាទំព័រនាំមុខនៃតួសេចក្តី ។ សេចក្តីផ្តើមប្រៀបបាននឹងមុខផ្ទះ ឬក៏ប្រៀបនឹង វង់ភក្រ្តរបស់មនុស្សយើង ដែលអ្នកដទៃឆាប់ចាប់អារម្មណ៍។ ដូច្នេះ សេចក្តីផ្តើម វាក៏ជាទំព័រទាក់ទាញអ្នកអានឱ្យគេមានការជក់ចិត្តតាមដាននូវអំណានរបស់យើង។ នៅក្នុងសេចក្តីផ្តើមនេះ វាមាន៖
. លំនាំបញ្ហាៈប្រយោគប្រទាក់ (l’accroche)  
លំនាំបញ្ហានេះជាប្រយោគសំដៅទាក់ទាញអ្នកអាន។វាជាផ្លូវមួយនាំចូលទៅប្រធានបទសារណា។  ស្មេរ អាចចាប់ផ្តើមសំណេរដោយ៖
-     អត្ថបទគតិយុត្ត (រដ្ឋធម្មនុញ្ញា ក្រម ច្បាប់…មាត្រា ណាមួយ)
-     យោងលើព្រឹត្តការណ៍បច្ចុប្បន្នភាពជាក់ស្តែងដែលមានសារៈសំខាន់
-   ឃ្លាប្រយោគជាសុភាសិត ពាក្យស្លោក ឃ្លាសំណេរឬសម្តីរបស់វីរជន ស្ថាប័ន អ្នកប្រាជ្ញ វិទូ     អ្នកជំនាញឯកទេសពិសេសណាមួយ
-    ការសង្កេត ការធ្វើបទពិសោធន៍ ស្តិតិ ។ល។
២ ចំណូលបញ្ហាៈ
          ចំណូលបញ្ហា ជាការបញ្ចូលប្រធានបទដែលស្មេរបានគិត និងជ្រើសរើសទុកសម្រាប់សរសេរ។ ស្មេរត្រូវបញ្ជាក់ពី កម្មវត្ថុនៃការសិក្សាស្រាវជ្រាវៈ (l’objet de l’étude) អ្នកអានអាចយល់ពីប្រធានដែលស្មេរបានកំណត់ជ្រើសរើស  រួមទាំង ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវៈ (l’intérêt de l’étude)       អ្នកអានអាចយល់ពីផលប្រយោជន៍ដែលស្មេរនឹងធ្វើការបកស្រាយលើប្រធានបទ។
. ចំណោទបញ្ហាៈ (la problématique)
ចំណោទបញ្ហា ជាសំណួរដែលស្មេរត្រូវចោទជាចំណោទទាក់ទងនឹងប្រធានបទ ហើយស្មេរត្រូវពន្យល់ បំភ្លឺ បកស្រាយ ដោយបង្ហាញបញ្ហា និងដំណោះស្រាយ។  
តើអ្វីទៅជាចំណោទបញ្ហា?
ចំណោទបញ្ហា គឺជាសិល្បៈនៃការដាក់ជាសំណួរដ៏ប្រសើរ។ ចំណោទបញ្ហានាំមកនូវគំហើញនូវគំនិតលើប្រធានបទហើយផ្តល់ជាអ័ក្សជាមុខព្រួញនៃការស្រាវជ្រាវហើយវាអនុញ្ញាតដល់ការបំភ្លឺបញ្ជាក់នូវអំណះ អំណាងដែលបង្កើតជាផ្លែផ្កានៃការផលិត។
. ស្ថាបនាចំណោទបញ្ហា គឺចោទសួរទៅប្រធានបទ (គេត្រូវដាក់ជាសំណួរយ៉ាងណាឱ្យមានលក្ខណៈ សមហេតុសមផលដែលបង្កើតជាការពិភាក្សា)
. បង្កើតចំណោទបញ្ហា គឺបំប្លែងប្រធានបទជាសំណួរ  មានន័យថាៈ
-បំប្លែង បញ្ចូលប្រធានបទចូលក្នុងការពិភាក្សាៈបង្កើតបញ្ជី កម្រងសំណួរដែលប្រធានបទបានលើកឡើង។ គេត្រូវចោទសួរថា តើអ្វីជាផលប្រយោជន៍នៃប្រធានបទ?
-ស្មេរអាចបង្កើតចំណោទបញ្ហាជាប្រយោគមួយដែលប្រមូលផ្តុំនូវសំណួរទាំងឡាយដែលប្រធានបទបានលើកឡើង។​
. ប្រកាសប្លង់ៈ(l’annonce de plan)
ដើម្បីធ្វើការបកស្រាយ អធិប្បាយពីខ្លឹមសារនៃសាច់រឿង ស្មេរត្រូវដាក់បង្ហាញ ប្លង់មេ ជាជំពូកចំនួន​២ ឬ ៣ (២ជំពូកជាប្លង់ល្អប្រសើរជាង៣) ដល់មិត្តអ្នកអាន ដើម្បីដឹងជាមុនថាស្មេរ មានគោលគំនិតធំៗអ្វីខ្លះ?( ការបង្កើតជំពូកកាន់តែច្រើន នោះសំណេររបស់ស្មេរ មិនគាប់ប្រសើរទេ។ ដូច្នេះស្មេរ គួរតែជៀសវាង)
កំណត់សម្គាល់ៈ ស្មេរកុំភ្លេចប្រាប់អ្នកអាននៅក្នុងសេចក្តីផ្តើមនេះ ថា ស្មេរជ្រើសរើសយកវិធីសាស្រ្តណាខ្លះយកមកធ្វើការបកស្រាយ ដូចជា វិធីសាស្រ្តគុណភាពវិស័យ (qualitative) /និង វិធីសាស្រ្តបរិមាណវិស័យ(quantitative) និង/ឬ វិធីសាស្រ្តរងផ្សេងៗទៀត ។  
លើសពីនេះទៅទៀត ស្មេរ កុំភ្លេច ការប្រើប្រាស់ ឃ្លាភ្ជាប់សេចក្តី ពីសេចក្តីផ្តើមទៅតួសេចក្តី ក៏ដូចពីតួសេចក្តីទៅសេចក្តីសន្និដ្ឋានផងដែរ។


រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

ចំនុចសម្គាល់មួយចំនួនសម្រាប់សរសេរសារណា( Mémoire)


សារណា ជា ប្រភេទឯកសារមួយបែបជាកិច្ចការសំណេរដែលនិស្សិតបញ្ចប់ឆ្នាំសិក្សាចងក្រងរៀបរៀងតាក់តែងឡើង និងការពារ លើប្រធានបទមួយ ដើម្បីបញ្ជាក់ពីសមត្ថភាពចំណេះដឹងចំណេះធ្វើ ក្រោយពីពួកគេបានសិក្សាជាច្រើនឆ្នាំមក(បរិញ្ញាបត្រ ៤ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់ ២ឆ្នាំ)  លើវិស័យណាមួយ ហើយត្រូវបានគណៈកម្មការពិនិត្យ វាយតម្លៃ ផ្តល់ជាពិន្ទុ និទ្ទេស សម្រាប់ផ្តល់សញ្ញាបត្រដល់និស្សិតដែលបានសិក្សាលើជំនាញ ឬកម្រិតណាមួយ។ សារណាមាន សារណាសម្រាប់កម្រិតបរិញ្ញាបត្រ និងសារណាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ។

.ប្រភេទសារណា
តើសារណាមានប្រភេទបែបណាខ្លះ?
.. គន្ថរចនាសារណា ( le mémoire-compilation)
និស្សិតជ្រើសរើសប្រធានបទសិក្សាស្រាវជ្រាវមួយ ដោយប្រមូលផ្តុំទៅលើចំនុចសំខាន់នៃទ្រឹស្តីដែលធ្វើការបកស្រាយទៅលើចំណោទបញ្ហា។ និស្សិតធ្វើការវិភាគនិងធ្វើការបង្ហាញបកស្រាយរិះគន់ ។ការខិតខំប្រឹងប្រែងរបស់និស្សិតផ្តោតទៅលើការបង្ហាញសមត្ថភាពយល់ដឹងពីការងារដែលពួកគេបានធ្វើ យល់ដឹងពីសញ្ញានីយការណ៍(ការដឹងដោយវិញ្ញាណ)នៃទស្សនៈផ្សេងៗ និងយល់ដឹងពីសិល្បៈនៃបទបង្ហាញពីស្ថានភាពលើការពិភាក្សាដោយបញ្ជាក់ពីឥរិយាបទផ្ទាល់ខ្លួន
.. សារណាស្រាវជ្រាវ( le mémoire-recherche)
 និស្សិត សិក្សា ស្រាវជ្រាវលើប្រធានបទថ្មីមួយ ឬ ប្រធានបទរុករកគំហើយខ្លះៗ ។ ប្រភេទសារណានេះ  តម្រូវឱ្យមានការដំណើរការធ្វើអង្កេតលក្ខណៈជាសារជាតិ ជានិច្ចកាល ជាការស្រាវជ្រាវសម្អាង លើការពិសោធន៍ និស្សិតត្រូវចុះទៅទីកន្លែងស្រាវជ្រាវផ្ទាល់
.. សារណាវិភាគលើបទពិសោធន៍( le mémoire-analyse d’éxpérences)
សារណាបែបនេះ វាស្ថិតនៅក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជាន់ខ្ពស់នៅពេលដែលនិស្សិត​បានប្រតិបត្តិនូវកម្មសិក្សា  ឬក៏និស្សិតធ្លាប់មានបទពិសោធន៍ក្នុងសកម្មភាពការងារណាមួយ ។  សារណាប្រភេទនេះ សង្កត់ធ្ងន់ទៅលើការបង្ហាញពីបទពិសោធន៍​ ការធ្វើការវិភាគ ជានិច្ចកាលទៅលើការធ្វើការប្រៀបធៀបជាមួយការងារដែលមានសកម្មភាពស្រដៀងគ្នា ។ ជាញឹកញាប់ សារណាទម្រង់នេះ បើកច្រកទៅរកការតាក់តែងជាសំណើដោយផ្តល់ទៅលើការតាមដាន អង្កេត ហើយថែមទាំង តម្រង់ទិសទៅលើសកម្មភាពការងារ។

 .តើយើងត្រូវជ្រើសរើសប្រភេទប្លង់ណាមួយ?
ប្លង់សារណាអាចប្រែប្រួលទៅតាមប្រធានសារណា ទៅតាមវិស័យនីមួយៗ ។ ប្លង់រៀបចំយ៉ាងណាឱ្យមានទំនាក់ទំនងនឹងប្រធាន ចំណោទបញ្ហា ។ ​នេះជាប្រភេទប្លង់មួយចំនួនដែលយើងអាចយកមកប្រើប្រាស់ៈ

ប្រភេទប្លង់
វិធីសាស្រ្ត
ប្លង់កាលប្រវត្តិវិទ្យា
ធ្វើការរៀបតាមកាលបរិច្ឆេទ តាមជំនាន់ សម័យកាលដោយរៀបចំឱ្យមានលក្ខណៈបញ្ជាក់យ៉ាងច្បាស់លាស់
ប្លង់តាមទិដ្ឋភាពនិងលក្ខណៈវិនិច្ឆ័យ
ជម្រើសនៃជ្រុងមួយចំនួនដែលប្រធានបទខិតជិត នៅកៀកក្បែរ
ប្លង់បែបទស្សនៈ
បង្ហាញរាល់ទស្សនៈ គំនិត យោបល់
ប្លង់ពណ៌នា
ពណ៌នាតាមផ្នែកនីមួយៗ
ប្លង់ប្រៀបធៀប
បង្ហាញភាពដូច និងភាពខុសគ្នា
ប្លង់ពិភាក្សា
បញ្ជាក់ជា២ផ្នែកៈបញ្ជាក់ពី គំនិតស្រប និងគំនិតជំទាស់
ប្លង់វិចារវិទ្យា
ពន្យល់ជា៣ផ្នែកៈទស្សនកថា បដិទស្សនកថា និង សំយោគទស្សនកថា
ប្លង់វិទ្យាសាស្រ្ត
ហេតុការណ៍  សម្មតិកម្ម ការពិនិត្យផ្ទៀងផ្ទាត់សម្មតិកម្ម  ដំណោះស្រាយ
ប្លង់វេជ្ជវិនិច្ឆ័យ
បញ្ហា វិភាគស្ថានភាព ស្រាវជ្រាវដំណោះស្រាយ និងធ្វើការសម្រេច
ប្លង់ (SOSRA)
ស្ថានភាព សង្កេត អារម្មណ៍ ការគិតពិចារណា សកម្មភាព
ប្រភពៈEckenschwiller,M.,L’Ecrit universitaire,Les Editions d’Organisation, 1994,p47.

 .ត្រូវជៀសវាងការប្រើប្រាស់ បុរិសសព្វនាមៈ  ខ្ញុំ   យើង   គេ
សំណេរ សារណា និក្ខេបទ ត្រូវតែ ប្រកាន់យក អបុគ្គលិកលក្ខណៈ មិនចំពោះនរណាម្នាក់ មិនមែនជារបស់នរណាម្នាក់ឡើយ
 ការប្រើប្រាស់ បុរិសសព្វនាម ខ្ញុំ  វាហាក់ដូចជា ក្រអឺតក្រទម អំណួតអួតអាង និង មានលក្ខណៈ     មជ្ឈត្តិកៈ(ដែលគិត និយម ថា ខ្លួនជាអ្នកឆ្នើមក្នុងលោក)។ ម៉្យាងវិញទៀត  ការប្រើពាក្យ ខ្ញុំ នេះ វាពិតជាគ្រោះថ្នាក់ ពីព្រោះថា អ្នកសរសេរសារណា និក្ខេបទ ប្រឈមនឹងការបញ្ចូល ទាញយកគំនិត ទស្សនៈ យោបល់របស់អ្នកដទៃដែលគំនិតទាំងនោះ វាមិនមែនជារបស់អ្នកសរសេរឡើយ វាជា សម្តី គំនិតដែលរៀមច្បង អ្នកសរសេរជំនាន់ចាស់ គេបានសរសេរទុក មុនអ្នកសរសេរទៅទៀត។
ការប្រើប្រាស់នូវ សព្វនាមបុរិសៈ យើង ក៍ត្រូវជៀសវាងផងដែរ ។
 ពាក្យ គេ មានលក្ខណៈអបុគ្គលិកលក្ខណៈមែន តែវា ទូលំទូលាយណាស់ ​វាផ្តល់នូវចំណាប់អារម្មណ៍មួយដែលមានភាពមិនច្បាស់លាស់
អាស្រ័យហេតុនេះ អ្នកសរសេរត្រូវជៀសវាង ការប្រើពាក្យ  ខ្ញុំ យើង គេ  
ឧទាហរណ៍ ឃ្លាត្រូវជៀសវាងៈ ខ្ញុំ​ (យើង) បានកំណត់ទំហំផ្ទៃដី៣ហិតា។
               អ្នកត្រូវសរសេរៈ ទំហំផ្ទៃដីត្រូវបានកំណត់៣ហិតា។  



រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

Tuesday, November 24, 2015

បរមាធិប្បាយគតិយុត្ត

ប្រធានៈ ការទទួលខុសត្រូវតាមកិច្ចសន្យា និងការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

សេចក្តីផ្តើមៈ

ការទទួលខុសត្រូវតាមកិច្ចសន្យា ខុសពីការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍  ​(អំពើអនីត្យានុកូល) តាមគោលការណ៍របស់វានីមួយៗ ។    ចំពោះការទទួលខុសត្រូវ តាមកិច្ចសន្យា     ការជួសជុលសំណងការខូចខាតមានមូលហេតុកើតចេញពី ការមិនប្រតិបត្តិ​កាតព្វកិច្ចឬក៏ការប្រតិបត្តិមិនបានត្រឹមត្រូវនូវកាតព្វកិច្ចតាមកិច្ចសន្យា។ ចំណែកឯ ការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)វិញ សំណងជួសជុលព្យសនកម្ម មានមូលហេតុកើតចេញពីអត្ថិភាពនៃទោសកម្ម ឬក៏ឧបទោសកម្មដែលអនុញ្ញាតឱ្យជនរងគ្រោះទទួលបានសំណងជួសជុលព្យសនកម្ម។
         តើភាពខុសគ្នានៃប្រភពលើការទទួលខុសត្រូវនេះ នាំមកនូវការអនុវត្តនូវរបបគតិយុត្តខុសគ្នាឬយ៉ាងណា?
ទាក់ទងនឹងរឿងនេះ វាមានការពិភាក្សាដែលកើតចេញពី  គំនិតពីរក្រុម​គឺ ក្រុមឯកនិយម និងក្រុមទ្វេកនិយមដែលបានជំទាស់នឹងទ្រឹស្តីនាចុងសតវត្សទី១៩ រហូតដល់ ទសវត្ស៣០។​ ទ្រឹស្តីវិទូនៃក្រុមឯកនិយម បានសង្កត់ទៅលើ កាតព្វកិច្ចនីត្យានុកូលសម្រាប់ធ្វើជាសំណងជួសជុល ។ រីឯក្រុមទ្វេកនិយម ផ្អែកលើការជំទាស់នៃប្រភព គឺ ច្បាប់​និងកិច្ចសន្យា។
នៅទសវត្ស៣០ មានអ្នកនិពន្ធជាច្រើនបានផ្តល់ជាគំនិតនៃការធ្វើសំយោគដែលមានទស្សនៈដូចប្រព័ន្ធបច្ចុប្បន្ន។​ ប្រព័ន្ធនេះត្រូវបានគ្របដណ្តប់ដោយ ភាពខុសគ្នារវាងការទទួលខុសត្រូវតាម​កិច្ចសន្យា និងការទទួលខុសត្រូវដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)(ជំពូក១)។  ប៉ុន្តែ យើងមានការកត់សម្គាល់នូវភាពខុសគ្នាស្តួចស្តើងមួយចំនួន(ជំពូក២)។

តួសេចក្តី

ជំពូក១ៈ ការបញ្ជាក់ពីភាពខុសគ្នា

ផ្នែក១ៈ ខ្លឹមសារនៃភាពខុសគ្នា
កថាខណ្ឌ១ៈ ភាពខុសគ្នាក្នុងលក្ខខណ្ឌនៃការប្រតិបត្តិលើ  ការទទួលខុសត្រូវតាមកិច្ចសន្យានិងអំពើ អនីត្យានុកូល
ក. ការដាក់កំហិតជាគោលការណ៍បង្ខំ ក្នុងរឿងកិច្ចសន្យា ប៉ុន្តែវាមិនចាំបាច់សម្រាប់រឿងនីតិបដិលោមការណ៍ទេ(អំពើអនីត្យានុកូល)។
ខ. ថិរវេលានៃអាជ្ញាយុកាល មិនដូចគ្នាជានិច្ចនោះទេ។
គ. ភស្តុតាង​មានលក្ខណៈងាយស្រួលក្នុងរឿងនីតិបដិលោមការណ៍(អំពើ​អនីត្យានុកូល)។ នីតិបដិលោមការណ៍( ​អំពើអនីត្យានុកូល) មានពស្តុតាងខុសពីរឿងកិច្ចសន្យា។ ​ភស្តុតាងសម្រាប់​នីតិបដិលោមការណ៍នេះ  ជាការបង្ហាញតាម គតិយុត្តការណ៍​ ដោយសេរី ។
ឃ. ច្បាប់កើតថ្មី ត្រូវយកមកអនុវត្តភ្លាម   សម្រាប់ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។ ចំណែកឯ​ការទទួលខុសត្រូវតាមកិច្ចសន្យា វិញ ជា គោលការណ៍ វាមិនទាក់ទងទេ ។ វាទាក់ទងតែនឹងច្បាប់ណាដែលកិច្ចសន្យាបានបង្កើតឡើងនាពេលនោះ ។
ង. លក្ខណៈវិនិច្ឆ័យនៃ  ការទទួលខុសត្រូវតាមកិច្ចសន្យា ឬដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)​ អាចដើរតួនាទីនៅក្នុងការកំណត់នៃយុត្តាធិការសមត្ថភាព ដោយនីតិជាតិ និងដោយនីតិអន្តរជាតិឯកជន។
លើសពីនេះទៅទៀត ចំពោះនីតិអន្តរជាតិឯកជននេះ វាត្រូវបានកំណត់ដោយច្បាប់អនុវត្តផងដែរ(loi applicable) ។
កថាខណ្ឌ២ៈភាពខុសគ្នាក្នុងអានុភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា និងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)
វាមានភាពខុសគ្នាបីដែលត្រូវគូសបញ្ជាក់ដោយឡែកពីគ្នាៈ
ក. អត្ថិភាពនៃទណ្ឌកម្មដោយឯកទេសកម្មកិច្ចសន្យា​( ការរំលាយកិច្ចសន្យាដោយការមិនប្រតិបត្តិកាតព្វកិច្ច (resolution pour inexécution) អញ្ញត្រកម្មនៃការមិនប្រតិបត្តិកាតព្វកិច្ច (exception d’inexécution ) ការកែ លស់កិច្ចសន្យា (réfaction du contrat ) ដោយចៅក្រម។
ខ. អលទ្ធភាពលើការជួសជុលព្យសនកម្មមិនបានដឹងជាមុន (le dommage imprévisible) ក្នុងរឿងកិច្ចសន្យា។
គ. អប្រសិទ្ធិភាពនៃប្រការ(ខ) ព្រមព្រៀង ឬ ប្រការ(ខ)កម្រិតលើការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។
ផ្នែក២ៈ ការដាក់ការប្រតិបត្តិនៃភាពខុសគ្នា
កថាខណ្ឌ១ៈ វិធាននៃការមិនត្រួតគ្នាលើការទទួលខុសត្រូវ
ក. វិធាននៃការមិនត្រួតគ្នា   លើការទទួលខុសត្រូវ មានន័យទី១គឺ  យើងមិនអាចប្រមូលផ្តុំ បញ្ចូលគ្នា នូវវិធានទាំងឡាយសម្រាប់ការទទួលខុសត្រូវទាំងពីរបានទេ។​ ដូច្នេះ ជាលក្ខណៈបញ្ជា យើងត្រូវជ្រើសរើស វិធានណាមួយ មកអនុវត្ត​ ឬមួយវិធាននៃការទទួលខុសត្រូវតាមកិច្ចសន្យា​ឬមួយវិធាននៃការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។
ខ. ម៉្យាងវិញទៀត សាលាវិនិច្ឆ័យ បានធ្វើការសម្រេចថា វិធានមិនត្រួតគ្នា មានវិបាក(អានុភាព)សម្រាប់ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល) ដាច់ដោយឡែក ចេញពី កំហុសដែលត្រូវបានប្រពឹត្តក្នុងការប្រតិបត្តិកាតព្វកិច្ចដែលបានកើតចេញពីកិច្ចសន្យា។
កថាខណ្ឌ២ៈ វិបាក(អានុភាព)នៃវិធានៈ ភាពចាំបាច់នៃការកំណត់យ៉ាងច្បាស់លាស់ពីវិសាលភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា។
ដើម្បីស្គាល់នូវដែនកំណត់នៃការអនុវត្តលើការទទួលខុសត្រូវតាមកិច្ចសន្យា ​យើងត្រូវផ្តល់ជាខ្លឹមសារនៃវិសាលភាពកិច្ចសន្យា។នៅក្នុងរឿងនេះ យើងត្រូវត្រួតពិនិត្យ យ៉ាងពិតជាដោយឡែកៈ
ក. កិច្ចសន្យាមួយត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ( សំណួរនៃបុរេកិច្ចសន្យា)
ខ. យើងមានវត្តមាននៃកាតព្វកិច្ចតាមកិច្ចសន្យា(​យុត្តិសាស្រ្តបានបង្កើននូវចំនួនកាតព្វកិច្ចដែលជាបន្ទុករបស់អ្នកវិជ្ជាជីវៈ(អ្នកមានជំនាញ មុខរបរ) ។
គ. ការមិនប្រតិបត្តិកាតព្វកិច្ចមិនអាចដាក់ទោសលើកូនបំណុល​ ហើយ​ជាការដាក់ទណ្ឌកម្មដល់ម្ចាស់បំណុល( បញ្ហាលើអានុភាពមិនដាច់ខាតនៃកិច្ចសន្យា)។

ជំពូក២ៈ ភាពស្តួចស្តើងនៃការខុសគ្នា

ផ្នែក១ៈ ការដាក់ជាចំណោទលើភាពសមហេតុផលនៃការខុសគ្នា
កថាខណ្ឌ១ៈ ភាពដូចគ្នានៃលក្ខខណ្ឌប្រតិបត្តិ
ក. សរព័ន(បណ្តុំ)នៃកំហុស​ជាធម្មតា ត្រូវយកមកគិត ទោះបីមានកម្រិតនៃទំងន់របស់វាយ៉ាងណាក៏ដោយ។
ខ. សំណងជួសជុលលើព្យសនកម្មផ្លូវចិត្ត​ត្រូវបានទទួលយក​ក្នុងរឿងកិច្ចសន្យា​ក៏ដូចក្នុងរឿងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។
គ. ចំណងហេតុផល​ត្រូវបានដឹង​ដោយវេទយិតភាព(ដោយងាយនឹងចាប់អារម្មណ៍)ដូចគ្នាសុទ្ធសាធ ក្នុងប្រភេទទាំងពីរនៃការទទួលខុសត្រូវ។
កថាខណ្ឌ២ៈ ភាពដូចគ្នាក្នុងអានុភាព
ជាបឋមយើងអាចធ្វើការកត់សម្គាល់ថា គោលការណ៍នៃសំណងជួសជុលទាំងស្រុងលើការខូចខាត  ត្រូវបានអនុវត្តលើប្រភេទណាមួយនៃការទទួលខុសត្រូវ។
ជាសរុប វាមានអត្ថិភាពនៃនីតិរួមនៃការទទួលខុសត្រូវរដ្ឋប្បវេណីដែលត្រូវពង្រឹង និងភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវ ស្ថិតជាអាថ៌កំបាំង មើលមិនឃើញ ងងឹតសូន្យ ។
ផ្នែក២ៈ ការផ្លាស់ប្តូរនៃភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ
បំលាស់ទីកន្លែងដែលត្រូវបានចោទប្រកាន់ តិចឬច្រើននៃភាពខុសគ្នារវាងការទទួលខុសត្រូវទាំងពីរ ជាលក្ខណៈរួមចំពោះរបបពិសេសនៃការទទួលខុសត្រូវ។​យើងអាចផ្តល់ជាឧទាហរណ៍ពីរៈ
កថាខណ្ឌ១ៈ. ច្បាប់បារាំងឆ្នាំ១៩៨៥ស្តីពីគ្រោះថ្នាក់ចរាចរណ៍
ច្បាប់ត្រូវយកមកអនុវត្ត គឺច្បាប់នេះ ទោះបី បុគ្គលត្រួវបានដឹកជញ្ជូនតាមរយៈកិច្ចសន្យាក៏ដោយ។
កថាខណ្ឌ២ៈបទបញ្ជាសហភាពអ៊ឺរ៉ុបស្តីពីផលិតផលគ្រោះថ្នាក់
មាត្រា១​នៃបទបញ្ជាចុះថ្ងៃទី២៥ កក្កដាឆ្នាំ១៩៨៥ ទាក់ទងនឹងការទទួលខុសត្រូវនៃផលិតផលគ្រោះថ្នាក់បានបញ្ញត្តថាៈផលិករ​ត្រូវទទួលខុសត្រូវលើព្យសនកម្មដែលបានបង្កឡើងដោយផលិតផលរបស់គេ។
ដូច្នេះ ភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវបានដឹង ធ្វើការកំណត់បែងចែកនោះទេ។
បទបញ្ជាសហភាពអ៊ឺរ៉ុប ត្រូវបានបញ្ចូលទៅក្នុងនីតិជាតិផងដែរ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

ម៉ោងលើពិភពលោក