គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Sunday, January 17, 2016

រឿងក្តីអនុវត្ត (cas pratique / case study)

ផាណាផាត់ ជាអ្នកព័ត៌មានវិទ្យា និងជាកីឡាករល្បីខាងជិះសេះប្រណាំង មកជួបអ្នកដើម្បីរាប់រៀបពីបញ្ហាគតិយុត្តដែលគាត់ជាជនរងគ្រោះក្នុងជីវិតឯកជន និងជីវិតការងាររបស់គាត់។
ផាណាផាត់ បានចូលរួមជាច្រើនឆ្នាំមកហើយ ក្នុងការប្រកួតជិះសេះប្រណាំង ហើយគាត់តែងតែទទួលបាន ជានិច្ចកាល នូវលទ្ធផលប្រសើរជាទីពេញចិត្ត។  គាត់មានបំណងទិញសេះមួយក្បាល គាត់បានទាក់ទងលោក ទីយ៉ារ៉ាក់ ដែលជាម្ចាស់សេះម្នាក់ បានផ្សព្វផ្សាយដំណឹងលក់សេះ ឈ្មោះមហៈពលៈ ក្នុងក្លិបរបស់គាត់ ដោយសារតែសកម្មភាព មុខរបរ របស់គាត់ មមាញឹក លែងមានពេលវេលាសម្រាប់កីឡាប្រណាំងសេះតទៅទៀតហើយ ។ ម៉្យាងទៀត សេះនោះជាសេះមានដើមកំណើតពីប្រទេសអាល្លឺម៉ង់​ហើយមានអាយុ១០ឆ្នាំ ។
          ម្ចាស់សេះ ទីយ៉ារ៉ាក់ បានប្រាប់ទៅ ផាណាផាត់ ថា សេះរបស់គាត់ជាសេះមានសមត្ថភាពឧត្តមប្រសើរកន្លង ងាយផ្សាំងណាស់ ប៉ុន្តែសេះនេះ វាមានចរឹតពិបាក។ ​នៅខណៈនោះ លោកផាណាផាត់ ក៏បានទិញសេះនោះក្នុងថ្លៃ ៥០០០ ដុល្លារ​ ដែលមើលទៅជាតម្លៃសមគួរផងដែរសម្រាប់សេះអាយុប៉ុណ្ណឹង ព្រមទាំង​ជាសេះមានប្រភពល្អពីអាល្លឺម៉ង់ និងងាយផ្សាំងបង្វឹក។
មហៈពលៈបានបង្ហាញចរឹតមិនធម្មតាកាលពីដំបូង ប៉ុន្តែ ផាណាផាត់​  បានទទួលជោគជ័យគ្រប់គ្រង មហៈពលៈ  ហើយ ៦ខែក្រោយពីការទិញមក ផាណាផាត់ បានចូលរួមប្រកួតជិះសេះប្រណាំង។ ក៏ប៉ុន្តែ នៅខណៈពេលប្រកួតនោះ មហៈពលៈបានប្រែចរឹត ក្លាយជា កាចសាហាវ ហើយ ផាណាផាត់ មិនអាចបន្តប្រកួតបានទេ​។ ដូច្នេះ អាជ្ញាកណ្តាលនៃការប្រកួត បានប្រាប់ទៅ ផាណាផាត់ ថា មហៈពលៈមាន ទំលាប់កាចបែបហ្នឹង ហើយប្រសិនបើ វាត្រូវផ្សាំងបង្វឹកឱ្យមានចរឹតត្រឹមត្រូវ នោះមហៈពលៈ នៅតែជានិច្ចកាល មិនដូរចរឹត ហើយមិនអាចចូលរួមប្រកួតបានទេ។ ផាណាផាត់ ចាប់ផ្តើមមានការក្រេវក្រោធ ខឹង ពីព្រោះថាគាត់ទិញ មហៈពលៈមកក្នុងគោលបំណងចូលរួមប្រកួត។
​តើ ផាណាផាត់ អាចទទួលបាននូវការលុបចោលកិច្ចសន្យាលក់-ទិញដែរឬទេ?
          ម៉្យាងវិញទៀត ផាណាផាត់ ត្រូវបានក្រុមហ៊ុន ស៊ូម៉ាត្រាតិចណូ ទទួលយកមកធ្វើការ នៅខែមិនា ឆ្នាំ២០១២ ដោយធ្វើជាកិច្ចសន្យាការងារមានថិរវេលាកំណត់សម្រាប់រយៈពេលមួយឆ្នាំ ដោយទទួល ឋានៈជាវិស្វករផ្នែកព័ត៌មានវិទ្យា ដោយមានប្រាក់ខែ ៣៥០០ ដុល្លារក្នុងមួយខែ និងទទួលបានរថយន្តមួយគ្រឿងសម្រាប់មុខតំណែងនេះ។
ហេតុដូច្នេះហើយ លោក ផាណាផាត់ ប៉ាន់ស្មានបានថា ស្ថានភាពហិរញ្ញវត្ថុរបស់គាត់   អាចធានាបាន សម្រាប់​គាត់ ចុះកិច្ចសន្យាខ្ចីប្រាក់ពីធនាគារ ដើម្បីទិញផ្ទះមួយ ។
នៅខែមេសា ឆ្នាំ២០១៣ នៅពេលដែលកិច្ចសន្យាការងារដំបូងត្រូវបានផុតកំណត់ និយោជករបស់  ផាណាផាត់ បានផ្តល់ជាសំណើ ជាកិច្ចសន្យាថ្មី ដែលមានលក្ខខណ្ឌបាត់ អត្ថប្រយោជន៍កាន់តែច្រើនៈ ប្រាក់ខែត្រូវបានបន្ថយ ១០០០ដុល្លារ ក្នុងមួយខែ ហើយកិច្ចការថ្មីនេះ ជាការងារភ្ជាប់ជាមួយបំលាស់ ប្តូរទីតាំង គឺមានការចុះតាមខេត្តនានា ក្នុងមួយខែ២ដងទៀតផង ចំណែកឯ  រថយន្តសម្រាប់បំពេញមុខងារ ក៏ត្រូវដកវិញដែរ តាមកិច្ចសន្យាថ្មីនេះ។ ទោះបីមានស្ថានភាពបាត់បង់ អត្ថប្រយោជន៍យ៉ាងច្រើនបែបនេះក៏ដោយ ដោយគិតថា ខ្លួនមានការជាប់បំណុលធនាគារផងនោះ ផាណាផាត់ ក៏យល់ព្រមសុខចិត្តទទួលយកកិច្ចសន្យាការងារថ្មីនោះផងដែរ។
          មកដល់សព្វថ្ងៃ ផាណាផាត់ ដឹងខ្លួនថាមាន ការភាន់ច្រឡំ ហើយថែមទាំងមាន ការខឹងថែមទៀត ដោយសារតែ ក្រុមហ៊ុន ស៊ូម៉ាត្រាតិចណូ ដឹងយ៉ាងច្បាស់ណាស់ថា ខ្លួនកំពុងជួបនឹងស្ថានភាព  ហិរញ្ញវត្ថុបែបនេះ នៅពេលដែលធ្វើ កិច្ចសន្យាថ្មី ហើយក្រុមហ៊ុនបានឆ្លៀតឱកាសពីស្ថានភាពហ្នឹង។ តើ ផាណាផាត់អាចធ្វើដូចម្តេចទៅ?

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

Friday, January 1, 2016

ម្ភៃប្រាំបី ធ្នូ ទិវានក្ខត្តប្ញក្ស ញញឹមទាំងព្រឹក ថ្ងៃទទួលសញ្ញាបត្រ


បទពាក្យ ៨
មិគសិរ ជំនោរ ព្រឹកព្រលឹម 
ភក្រ្តញញឹម ត្រេកអរ រីករាយក្រៃ
ម្ភៃប្រាំបី ខែធ្នូ ក្តីស្រមៃ
ដែលជាថ្ងៃ ទទួល សញ្ញាបត្រ។
យុវជន និស្សិត យុវតី
ទាំងប្រុសស្រី អបអរ មិនស្ងៀមស្ងាត់
នៅកោះពេជ្រ វាយោ បក់រសាត់
ពពកផាត់ នាំមក ជំនួបគ្នា។
ឆ្នាំពីរពាន់ ដប់ប្រាំ នក្ខត្តប្ញក្ស
នាពេលព្រឹក រំលឹក ថ្ងៃទិវា
សែនសាទរ អំណរ មិត្តមីងមា
ជាវេលា រំភើប ឥតឧបមា។
មួកអាវខោ សំពត់ តុបតែងកាយ
មិត្តទាំងឡាយ ជួបជុំ សាស្រ្តាចារ្យ
អ្នកខ្លះមក ជាមួយ មិត្តម៉ាក់ប៉ា
មានបាច់ផ្កា ក្រពុំ គួរស្នេហ៍ស្និទ្ធ។
ក្រោយពីពេល សម្តេច តេជោថ្លែង
ស្តីតាក់តែង ខ្លឹមសារ យ៉ាងជាប់ចិត្ត
ជ័យលាភី សប្បាយ ថតរូបផ្តិត
ខ្លះកៀកកិត ភឿនភក្រ្ត មិត្តភក្តី។
មួយឆ្នាំម្តង ជាថ្ងៃ ឱឡារិក
មិនជាញឹក ជុំជួប មិត្តប្រុសស្រី
គិតនាំគ្នា កំសាន្ត ស្តាប់តន្រ្តី
ដល់រាត្រី អាធ្រាត្រ គិតបែកគ្នា។


សំណេរលើបណ្តាញសង្គម(Social Network)

បទពាក្យ ៧

ទ្វីបលោកទាំងប្រាំ ឃ្លាតសែនឆ្ងាយ 
តែសារទាំងឡាយ ឆាប់រហ័ស
ពីជំនាន់មុន យូរថ្ងៃណាស់
តែឥលូវច្បាស់ លឿនយ៉ាងឆាប់។
ទ្វីបអាម៉េរិក ទ្វីបអាស៊ី
សារឆ្លងវក់វី ងាយឆក់ចាប់
ហើរចូលអ៊ឺរ៉ុប ពិតបានប្រាប់
សៀងសូរសណ្តាប់ សព្ទឆ្លើយឆ្លង។
ហ្វេសប៊ុក ( facebook) ទ្វីតធ័រ( twitter) ប្លក(blog) ព័ត៌មាន
អស់លោកស្មេរស្មៀន ប្រាថ្នាប៉ង់
ផ្សព្វផ្សាយដំណឹង ច្រើនកន្លង
សាសព្ទប្អូនបង រយពាន់លាន។
បណ្តាញសង្គម យើងសព្វថ្ងៃ
ពិតច្រើនក្រាស់ក្រៃ ដែលកើតមាន
អក្ខរាថ្លាថ្លែង សព្វកោះកៀន
មានខ្លះបំពាន សិទ្ធិមនុស្ស។
វាចាហោះហើរ ថ្លែងចរចា
មានផ្លែមានផ្កា រីករោយរុះ
ស្មេរខ្លះនិពន្ធ ចាក់ទម្លុះ
ឆ្កឹះឆ្កៀលវះពុះ ថ្លើមប្រមាត់។
មនុស្សមានសិទ្ធិ គ្រប់អាត្មា
ច្បាប់ក្បួនមាត្រា មិនបានបាត់
ផ្លូវកាយផ្លូវចិត្ត កុំចូលកាត់
យើងត្រូវប្រយ័ត្ន អ្នកដទៃ
កេរ្តិ៍ឈ្មោះកិត្តិយស តួនាទី
ត្រូវគិតសំភី ចេះលកលៃ
សំណៅសំណេរ គិតរំពៃ
រវៀសរវៃ គិតសឹមគូរ។
មិត្តអើយៗមិត្ត មិត្តទាំងឡាយ
ទោះបីនៅឆ្ងាយ មាមីងពូ
សៀងសព្ទ បញ្ជូន មិនជាយូរ
ទុកដាក់ក្នុងទូ តាមអនឡាញ។
សម័យហ្វេសប៊ុក សព្ទសៀងសូរ
មានខ្លះកកូរ ពិតស្មុគ្រស្មាញ
ខូមិន( comment) ផុស (post) ស្យែ (share) មានបណ្តាញ
រាយចាក់ចងត្បាញ គ្រប់កន្លែង។
ថ្លែងថ្លាដំណឹង បរិហារ
ឆ្លងឆ្លើយវាចា ដែលសម្តែង
មានក្រឹត្យក្រមច្បាប់ ពិតបានចែង
អ្នកត្រូវចេះក្រែង រអែងផង។
ទុក្ខទោសព្រហ្មទណ្ឌ រដ្ឋប្បវេណី
មានក្រមទាំងពីរ បានចងក្រង
សំណងជួសជុល ណាប្អូនបង
មាត្រាបានចង ជាស្រេចហើយ។

ប្រភពរូបភាពៈ topictray.com/ www.business2community.com




ម៉ោងលើពិភពលោក