គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Wednesday, December 21, 2011


ប្រភព៖ RFI  http://www.khmer.rfi.fr/)
ដោយ សេង ឌីណា
នៅក្នុងពេល​ដែល​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ ដូចជា អាមេរិក និង​ប្រទេស​នៅអឺរ៉ុប ជាដើម កំពុង​ផុងខ្លួន​ក្នុង​វិបត្តិ​ប្រាក់​បំណុល អ្នកវិនិយោគ​កំពុង​តែ​ងាក​ទៅចាប់អារម្មណ៍​លើ​ការវិនិយោគ​លើមូលបត្រ​បំណុល​របស់​ប្រទេសកំពុង​អភិវឌ្ឍ​វិញ​ម្តង ជាពិសេស ប្រទេស​ដែល​កំពុង​តែ​មាន​ការ​រីកលូតលាស់​ខ្លាំង ដូចជា ប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក អាហ្វ្រិក​ខាង​ត្បូង ជាដើម។

នៅពេល​បច្ចុប្បន្ន​នេះ ទីផ្សារ​មូលបត្រ​បំណុល​របស់​ប្រទេស​​​កំពុង​អភិវឌ្ឍ ដែល​​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ មាន​ទំហំ​រហូតដល់​ទៅ​ប្រមាណ​ពី ១០% ទៅ ១៥% នៃ​ទីផ្សារ​ពិភពលោក ពោល​គឺ កើនឡើង​ទ្វេដង បើ​ធៀប​នឹង​កាល​ពី​​​១០ឆ្នាំ​មុន។
ស្ថាប័ន​ហិរញ្ញវត្ថុ​​ជាច្រើន​បាន​ឲ្យដឹង​ថា ចាប់តាំង​ពី​​វិបត្តិ​ប្រាក់​បំណុល​ផ្ទុះឡើង​នៅ​អាមេរិក និង​នៅ​អឺរ៉ុប មូលបត្រ​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​បាន​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ខ្លាំងឡើង​ថែមទៀត។ មូលហេតុ គឺ​មាន​ពីរ​ធំៗ៖ ហានិភ័យ​ទាប និង​ផលចំណេញ​ខ្ពស់។
ក្នុងពេល​ដែល​​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​ឧស្សាហកម្មកំពុង​មាន​កំណើន​ដ៏តិចតួច (ឬ​គ្មាន​កំណើន​សោះ​នៅ​ប្រទេស​ខ្លះ) ហើយ​ត្រូវ​ខ្ចីបុល​លុយគេ ដើម្បី​​​មក​បំពេញ​ការចំណាយ​ តម្រូវ​ទៅតាម​របៀប​រស់នៅ​ហ៊ឺហា ប្រទេស​កំពុង​អភិវឌ្ឍ​វិញ មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ផង​ និង​ចាត់ចែង​ថវិកា​ជាតិ​បាន​ល្អ​ផង។
យោងតាម​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ប្រាក់បំណុល​សាធារណៈ​របស់​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ គិតជា​មធ្យម​ មាន​រហូតដល់​ទៅ ៩០% នៃ​ផលិតផល​ក្នុងស្រុក​សរុប។ ចំណែក​ប្រាក់​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​វិញ គឺ​មាន​ត្រឹមតែ​ ៤០%​ ប៉ុណ្ណោះ។ ប្រទេស​កំពុង​អភិវឌ្ឍ​ខ្លះ ដូចជា រុស្ស៊ី ជាដើម មាន​ប្រាក់​បំណុល​ត្រឹមតែ​ជាង ១១% ប៉ុណ្ណោះ។
ជាលទ្ធផល ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​អ្នកមាន​​ត្រូវបាន​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ទម្លាក់​ចុះ​ជា​បន្តបន្ទាប់។ ចំណែក​​ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​​​វិញ ថ្វីដ្បិត​តែ​នៅទាប​ជាង​ប្រទេស​អ្នកមាន ក៏ប៉ុន្តែ បន្ត​កើនឡើង​ជាប់ជានិច្ច។ ក្នុងរយៈពេល​ប្រមាណ​មួយ​ឆ្នាំ​កន្លងទៅនេះ គេ​សង្កេតឃើញ​ថា ចំណាត់ថ្នាក់​ឥណទាន​របស់​ ប្រេស៊ីល ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ហ្វ៊ីលីពីន ជាដើម សុទ្ធតែ​បានកើនឡើង។
ម្យ៉ាងវិញ​ទៀត ការវិនិយោគលើ​មូលបត្រ​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​​ផ្តល់​នូវ​ផល​ចំណេញ​ គិតជាមធ្យម ៦% ពោលគឺ ប្រមាណ​ជា ៣ដង ច្រើន​ជាង​ផលចំណេញ​ពី​ការ​វិនិយោគ​លើ​មូលបត្រ​បំណុល​​ប្រទេស​មហាអំណាច​ឧស្សាហកម្ម។ មូលបត្រ​បំណុល​របស់​ប្រេស៊ីលវិញ អាច​ផ្តល់​ផលចំណេញ​រហូតដល់​ទៅ​ប្រមាណ ១២%៕

No comments:

Post a Comment

ម៉ោងលើពិភពលោក