គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Wednesday, December 21, 2011


ប្រភព៖ RFI  http://www.khmer.rfi.fr/f)

ដោយ សេង ឌីណា
ចាប់តាំង​ពី​មាន​វិបត្តិ​ប្រាក់​បំណុល​នៅ​អឺរ៉ុប និង​អាមេរិក គេ​តែង​ឮ​​ស្ទើរតែ​រៀងរាល់​ថ្ងៃ​​​នូវ​ព័ត៌មាន​ ស្តីពី​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​។ សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​​ច្រួលច្របល់ ឬ​អាច​ធូរ​ស្រាលមកវិញ។ សូម្បីតែ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ក៏​ព្យាយាម​ធ្វើ​តម្រូវចិត្ត​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ដែរ។



ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល (Credit Rating Agency) មាន​ចំនួន​ច្រើន ក៏ប៉ុន្តែ គេ​សង្កេត​ឃើញ​មាន​ទីភ្នាក់ងារ​​តែ​៣​ប៉ុណ្ណោះ ដែល​គ្រប់គ្រង​ចំណែក​ទីផ្សារ​ពិភពលោក​ច្រើន​ជាងគេ គឺ Standard and Poor’s, Moody’s និង Fitch។ ទីភ្នាក់ងារ​ទាំងនេះ គឺ​ជា​ស្ថាប័ន​ឯកជន ដែល​មាន​មុខងារ​វាយតម្លៃមើលថា​ តើ​​ការ​​វិនិយោគ​លើ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន​មួយ ឬ​ប្រទេស​មួយ មាន​ហានិភ័យ​កម្រិតណា?
ចំណាត់ថ្នាក់​ឥណទាន​របស់​រដ្ឋ​ត្រូវ​គេ​កំណត់​ដោយ​ពិនិត្យ​ទៅលើ​ហានិភ័យ​​ក្នុង​វិស័យ​ចំនួនបី៖ នយោបាយ សេដ្ឋកិច្ច និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ ចំណាត់ថ្នាក់​នេះ ត្រូវ​គេ​កំណត់​​ដោយ​​អក្សរ ចាប់ពី AAA (ចំណាត់ថ្នាក់​ល្អ​ជាងគេ មានន័យថា ហានិភ័យ​បំណុល​មាន​ទាប​បំផុត) រហូតដល់ D (ក្ស័យធន)។
ចំណាត់ថ្នាក់​ឥណទាន គឺ​ជា​ព័ត៌មាន​ដ៏​សំខាន់​មួយ សម្រាប់​ជា​ជំនួយ​ដល់​អ្នកវិនិយោគ​ ក្នុងការ​សម្រេច​ធ្វើ​វិនិយោគ។ ដូច្នេះ ប្រសិន​បើ​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ទម្លាក់​ចំណាត់ថ្នាក់​​ឥណទាន​របស់​ប្រទេសណាមួយ វា​នឹង​​អាច​ធ្វើ​ឲ្យ​មូលបត្រ​បំណុល​របស់​ប្រទេសនោះ​​​ធ្លាក់ថ្លៃ មានន័យថា អ្នកវិនិយោគ​មិន​សូវ​ចង់​ឲ្យ​លុយ​ប្រទេស​នោះ​ខ្ចី ហើយ​អត្រា​ការប្រាក់​កម្ចី​នោះ មាន​កម្រិត​ខ្ពស់។
ដូចនេះ​ហើយ​បាន​ជា​ប្រទេស​នីមួយៗ​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​ចំណាត់ថ្នាក់​ឥណទាន​ឲ្យ​បាន​ខ្ពស់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅបាន។
ក៏ប៉ុន្តែ អ្នកខ្លះ​បាន​រិះគន់​​ថា ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​​​​ជា​អ្នក​ធ្វើ​ឲ្យ​វិបត្តិ​បំណុល​កាន់តែ​ធ្លាក់​ចុះ​ដុនដាប។ នៅពេល​​ដែល​​ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​មួយ​ត្រូវ​គេ​បញ្ចុះ មូលបត្រ​បំណុល​របស់​ប្រទេស​នោះ​នឹង​ត្រូវ​ធ្លាក់​ថ្លៃ ហើយ​អត្រាការប្រាក់​នឹង​ត្រូវ​កើនឡើង។ នៅពេលនោះ អ្នក​វិនិយោគ​ដែល​មាន​មូលបត្រ​នេះ​ក្នុង​ដៃ​ក៏​នឹង​នាំគ្នា​លក់ចេញ។ អ្នក​លក់​មាន​ច្រើន ចំណែក​អ្នក​ទិញ​មិនសូវ​មាន វា​នឹង​ធ្វើ​ឲ្យ​​អត្រាការប្រាក់​​កាន់តែ​កើនឡើង​ថែមទៀត។ ប្រទេស​ដែល​ត្រូវ​គេ​ទម្លាក់​ចំណាត់ថ្នាក់ ក៏​​ត្រូវ​ប្រឈមមុខ​នឹង​​វិបត្តិ​ប្រាក់​បំណុល​កាន់តែ​​ធ្ងន់ធ្ងរ​ជាងមុន​​ទៀត។
អ្នក​នយោបាយ​មួយ​ចំនួន​ នៅ​ក្នុង​តំបន់​អឺរ៉ូ មាន​ការ​សង្ស័យថា ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ធំៗ​ទាំងបី គឺ Standard and Poor’s, Moody’s និង Fitch (ដែល​សុទ្ធសឹង​ជា​ទីភ្នាក់ងារ​បង្កើតឡើង​ នៅ​សហរដ្ឋ​អាមេរិក) មាន​ចេតនា​បង្ក​ចលាចល​នៅ​អឺរ៉ុប ដើម្បី​បង្វែរ​​ចំណាប់​អារម្មណ៍​ពី​អាមេរិក ដែល​កំពុង​ជួប​នឹង​វិបត្តិ​បំណុល​ដែរ។
ម្យ៉ាងវិញ​ទៀត ការធ្វេសប្រហែស​ក្នុង​ការ​វាយតម្លៃ​ហានិភ័យ​ឥណទាន​អចលនទ្រព្យ​នៅអាមេរិក (Subprime) ដែល​ជា​ដើមហេតុ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០០៨ ក៏​ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​គេ​រិះគន់​​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល៕
TAGS: វិបត្តិបំណុល - សហភាពអឺរ៉ុប

No comments:

Post a Comment

ម៉ោងលើពិភពលោក