គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Monday, September 12, 2011

រចនាសម្ព័ន្ធ និង​នីតិវិធី​នៃ​ការ​សម្រេច​សេចក្តី​នៃ​តុលាការ​ខ្មែរ​ក្រហម

ប្រភព RFI  (http://www.khmer.rfi.fr/)
តុលាការខ្មែរក្រហម​ មាន​ឈ្មោះ​ជាផ្លូវការ​ថា “អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​ជំនុំជម្រះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅក្នុង​រយៈកាល​នៃ​ កម្ពុជា​ប្រជាធិបតេយ្យ”។ តុលាការនេះ ក៏​តែងតែ​ត្រូវបាន​គេ​ហៅ​ផងដែរ​ថា​ជា “តុលាការ​កូនកាត់” ពីព្រោះ​វា​មិនចំ​ជា​តុលាការ​ជាតិ ហើយ​មិនចំ​ជា​តុលាការ​អន្តរជាតិ។ ច្បាប់​ដែល​គេ​យក​មក​អនុវត្ត គឺជា​ច្បាប់​ព្រហ្មទណ្ឌ​ជាតិ​របស់​កម្ពុជា​ផង និង​ច្បាប់​អន្តរជាតិ​ផង។ ចៅក្រម​វិញ​ក៏មាន​សមាសភាព​ចម្រុះ​កម្ពុជា និង​អន្តរជាតិ​ដែរ។
តើ​តុលាការ​នេះ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បុគ្គល​ណាខ្លះ? ហើយ​ចំពោះ​បទឧក្រិដ្ឋ​អ្វីខ្លះ?

ច្បាប់​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​បាន​កម្រិត​ដែនកំណត់​នៃ​ សមត្ថកិច្ច​​របស់​តុលាការ​នេះ ទាំង​សមត្ថកិច្ច​ទាក់ទង​នឹង​ប្រភេទ​នៃ​បទឧក្រិដ្ឋ ទាំង​កាលវេលា​ដែល​បទឧក្រិដ្ឋ​ត្រូវបាន​ប្រព្រឹត្ត និង​ទាំង​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងនេះ។

គេអាច​ចែក​បទឧក្រិដ្ឋ ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ​ខ្មែរក្រហម​ជាពីរ​ប្រភេទ គឺ​បទឧក្រិដ្ឋ​ថ្នាក់​ជាតិ និង​បទឧក្រិដ្ឋ​អន្តរជាតិ។

បទឧក្រិដ្ឋ​ថ្នាក់​ជាតិ គឺ​សំដៅ​លើ​រាល់​បទឧក្រិដ្ឋ​ទាំងឡាយណា ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ១៩៥៦ រួមមាន បទ​មនុស្សឃាត ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​បំពាន​លើ​សាសនា។ ចំណែក​បទឧក្រិដ្ឋ​អន្តរជាតិ រួមមាន៖
  • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ ឆ្នាំ១៩៤៨។
  • ឧក្រិដ្ឋកម្មសង្រ្គាម ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ទាំងបួន ដែល​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ១៩៤៩ នៅ​ទីក្រុង​ហ្សឺណែវ។
  • ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមាន​ចែង​ក្នុង​អនុសញ្ញា​ក្រុងរ៉ូម ឆ្នាំ១៩៩៨ ស្តីពី​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។
  • បទឧក្រិដ្ឋ​បំផ្លិចបំផ្លាញ​សម្បត្តិវប្បធម៌​ក្នុងពេល​មាន​ជម្លោះ​ប្រដាប់អាវុធ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ក្រុងឡាអេ ឆ្នាំ១៩៥៤។
  • បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មន្រ្តី​ការទូត ដែល​ទទួលបាន​នូវ​ការ​ការពារ​ពី​សំណាក់​អនុសញ្ញា​ក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត។
ក៏ប៉ុន្តែ បទឧក្រិដ្ឋ​ទាំងប៉ុន្មាន​ខាងលើ​នេះ ចូលក្នុង​ដែនសមត្ថកិច្ច​របស់​តុលាការ​ខ្មែរក្រហម លុះត្រា​តែ​បទឧក្រិដ្ឋ​ទាំងនេះ​ត្រូវបាន​ប្រព្រឹត្ត​ ក្នុងចន្លោះ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ពោលគឺ​ ក្នុង​ចន្លោះពេល​ដែល​ខ្មែរក្រហម​កាន់​អំណាច​នៅ​កម្ពុជា។

បុគ្គល​ដែល​អាច​នឹងត្រូវ​នាំយក​មក​កាត់ទោស​ ដោយ​តុលាការ​ខ្មែរក្រហមនេះ​មាន​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ៖
  • ទីមួយ មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ សំដៅ​ទៅលើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងឡាយណា ដែល​បាន​កាន់តំណែង​កំពូលៗ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដូចជា ខៀវ សំផន (អតីតប្រមុខរដ្ឋ) នួន ជា (អតីត​ប្រធាន​រដ្ឋសភា) អៀង សារី (អតីតឧបនាយករដ្ឋមន្រ្តី) និង អៀង ធីរិទ្ធិ (អតីតរដ្ឋមន្រ្តី) ជាដើម ដែល​ពេលនេះ ត្រូវបាន​តុលាការ​ខ្មែរក្រហម​កំពុង​ធ្វើការ​ជំនុំជម្រះ។
  • ទីពីរ ជនទាំងឡាយណា ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​រាល់​ឧក្រិដ្ឋកម្ម​ទាំងប៉ុន្មាន​ខាងលើ៖ សំដៅ​ទៅលើ​ជនទាំងឡាយណា ដែល​ថ្វីដ្បិតតែ​មិនបាន​កាន់​តំណែង​កំពូល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ក៏ពិតមែន ក៏ប៉ុន្តែ មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​បទឧក្រិដ្ឋ ដែល​ត្រូវបាន​ប្រព្រឹត្ត​ក្នុង​អំឡុងពេលនោះ។ រហូត​មកទល់​ពេលនេះ បុគ្គល​ដែល​ស្ថិតក្នុង​ប្រភេទ​ទីពីរ​នេះ ហើយ​ដែល​ត្រូវ​តុលាការ​ខ្មែរក្រហម​យក​មក​កាត់ទោស គឺ មានតែ​ កាំង ហ្កិចអៀវ ហៅ ឌុច អតីត​មេគុក​ទួលស្លែង​ មួយ​ប៉ុណ្ណោះ។
ការកំណត់ថា បុគ្គលណា​ស្ថិតក្នុង​ចំណោម​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​កម្ពុជា​ ប្រជាធិបតេយ្យ ហើយ​បុគ្គលណា​ស្ថិតក្នុង​ចំណោម​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវ​យក​មក​ជំនុំជម្រះ​​នោះ គឺ​ជា​សិទ្ធិ​សម្រេច​របស់​សហព្រះរាជអាជ្ញា​​នៃ​តុលាការ​ខ្មែរក្រហម។

រចនាសម្ព័ន្ធ​តុលាការ​ខ្មែរក្រហម គឺ​យកតាម​លំនាំ​រចនាសម្ព័ន្ធ​តុលាការ​កម្ពុជា ដោយមាន​ព្រះរាជអាជ្ញា​ផង និង​ចៅក្រម​ស៊ើបអង្កេត​ផង។ ក៏ប៉ុន្តែ ខុសប្លែក​ពី​រចនាសម្ព័ន្ធ​តុលាការ​ធម្មតា ដែល​មាន​បី​ថ្នាក់ តុលាការ​ខ្មែរក្រហម មានតែ​ពីរថ្នាក់​ប៉ុណ្ណោះ គឺ​សាលាដំបូង និង​តុលាការ​កំពូល ដោយ​មិនមាន​សាលាឧទ្ធរណ៍​នោះទេ។

ចំពោះ​ចៅក្រម​វិញ តាំងពី​ស្ថាប័នអយ្យការ រហូតដល់​តុលាការ​កំពូល មាន​សមាសភាព​ចម្រុះ​ជា​ចៅក្រម​ខ្មែរ​ផង និង​ចៅក្រម​អន្តរជាតិ​ផង ដោយ​ចៅក្រម​ខ្មែរ​មានចំនួន​ច្រើនជាង​ចៅក្រម​បរទេស។

សហព្រះរាជអាជ្ញា​មាន​ពីរ​រូប គឺ​មួយរូប​ជា​ព្រះរាជអាជ្ញា​កម្ពុជា និង​មួយរូប​ទៀត ជា​ព្រះរាជអាជ្ញា​បរទេស។ សហចៅក្រម​ស៊ើបអង្កេត​ក៏មាន​ពីររូប​ដូចគ្នា​នេះ​ដែរ។

នៅសាលាដំបូង ចៅក្រម​មាន​៥រូប រួមមាន​ចៅក្រម​ខ្មែរ​៣រូប មួយរូប​ធ្វើ​ជា​ប្រធាន និង ចៅក្រម​បរទេស​ពីរ​រូប។

នៅ​តុលាការ​កំពូល មាន​ចៅក្រម​៧រូប រួមមាន ចៅក្រម​ខ្មែរ​៤រូប មួយរូប​ធ្វើ​ជា​ប្រធាន និង​ចៅក្រម​បរទេស​៣រូប។

បើ​នៅ​គ្រប់​ជាន់ថ្នាក់ សុទ្ធតែ​មាន​ចៅក្រម​ច្រើននាក់ និង​មាន​សមាសភាព​ចម្រុះ​បែបនេះ តើ​ការ​សម្រេចសេចក្តី​ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?

ថ្វីដ្បិតតែ តុលាការ​ខ្មែរក្រហម អនុវត្ត​ច្បាប់​ជាតិ​ផង និង​អន្តរជាតិ​ផង ហើយ​ចៅក្រម​ក៏​មាន​សមាសភាព​ចម្រុះ​ជាតិសាសន៍​ទៀត ក៏ប៉ុន្តែ នីតិវិធី​តុលាការ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ច្រើន​ទៅនឹង​នីតិវិធី​ ព្រហ្មទណ្ឌ​កម្ពុជា។

ចំណុចចាប់ផ្តើម​នៃនីតិវិធី ​គឺ​ចេញពី​សហព្រះរាជអាជ្ញា ដែល​មានសិទ្ធិ​សម្រេច​កំណត់​ជនសង្ស័យ ដើម្បី​បើកផ្លូវ​ឲ្យមាន​ការ​ស៊ើបអង្កេត។ សំណួរ​ចោទឡើង​ថា ចុះបើ​សហព្រះរាជអាជ្ញា​ទាំងពីរ​រូបនេះ​មាន​យោបល់​​ផ្ទុយគ្នា តើ​គេត្រូវ​ដោះស្រាយ​វិវាទនេះ​ដោយ​របៀបណា?

មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​ចែងថា នៅក្នុង​ករណី​ដែល​សហព្រះរាជអាជ្ញា​មាន​យោបល់​ខ្វែងគ្នា សហព្រះរាជអាជ្ញា​ទាំងពីរ ឬ​សហព្រះរាជអាជ្ញា​ណាមួយ​ក៏បាន​ដែរ អាច​ដាក់ពាក្យ​ប្តឹងទាស់​ទៅ​អង្គបុរេជំនុំជម្រះ​ដើម្បី​សម្រេចសេចក្តី។ បណ្តឹងទាស់​នេះ​ត្រូវ​ដាក់ជូន​ទៅ​អង្គបុរេជំនុំជម្រះ​ក្នុង​រយៈពេល​យ៉ាងយូរ ៣០ថ្ងៃ ចាប់​ពី​ពេល​មាន​យោបល់​ផ្ទុយគ្នា បើមិនដូច្នោះទេ មានន័យ​ថា សហព្រះរាជអាជ្ញា​ទាំងពីរ​មាន​យោបល់​ស្របគ្នា ហើយ​នីតិវិធី​ដែល​កំពុង​ដំណើរការ​នឹង​ត្រូវ​បន្តធ្វើ​តទៅមុខ​ទៀត។

អង្គបុរេជំនុំជម្រះ​មាន​ចៅក្រម​៥រូប រួមមាន ចៅក្រម​ខ្មែរ​៣រូប មួយរូប​ជា​ប្រធាន និង​ចៅក្រម​បរទេស​២រូប។ រាល់​សេចក្តីសម្រេច​របស់​អង្គបុរេជំនុំជម្រះ​នេះ​អាច​ធ្វើទៅបាន​លុះត្រាតែ​ មាន​សំឡេងគាំទ្រ​យ៉ាងតិច​៤សំឡេង។ សេចក្តីសម្រេច​របស់​អង្គបុរេជំនុំជម្រះ គឺជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា ពោលគឺ គូវិវាទ​មិនអាច​ប្តឹង​ឧទ្ធរណ៍​ជំទាស់នឹង​សេចក្តីសម្រេច​របស់​អង្គបុរេ​ ជំនុំជម្រះ​បានទេ។

ក្នុងករណី​ដែល​អង្គបុរេជំនុំជម្រះ​មិនអាច​រក​សំឡេង​គាំទ្រ​គ្រប់៤​សំឡេង​ទេ​ នោះ ការ​ស៊ើបអង្កេត​នឹង​ត្រូវ​ធ្វើបន្ត។ ឧបមាថា សហព្រះរាជអាជ្ញា​មាន​យោបល់​ផ្ទុយគ្នា​ក្នុង​ការកំណត់​ជនសង្ស័យ​ឈ្មោះ “ក” ដោយ​ព្រះរាជអាជ្ញា​មួយរូប​ថា ត្រូវធ្វើការ​ចោទប្រកាន់​​ ឯមួយទៀត​​មិនយល់​ស្រប។ សហព្រះរាជអាជ្ញា​​ដែល​មិនយល់ស្រប​​ប្តឹងទាស់ទៅ​អង្គ​បុរេជំនុំជម្រះ ដើម្បី​ដោះស្រាយ​វិវាទ​នេះ ក៏ប៉ុន្តែ អង្គបុរេជំនុំជម្រះ​ក៏​មិនអាច​រក​សំឡេង​ភាគច្រើន​ ដើម្បី​សម្រេចសេចក្តី​បាន។ ក្នុងករណីនេះ ការ​ចោទប្រកាន់​លើ​បុគ្គល “ក” នឹង​ត្រូវ​បន្តធ្វើ។

នៅពេលដែល​សហព្រះរាជអាជ្ញា​សម្រេច​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​បាន​ធ្វើ​ការ​ស៊ើបអង្កេតបឋម​រួច​ហើយ សហព្រះរាជអាជ្ញា​អាច​បញ្ជូន​សំណុំរឿងនេះ ទៅឲ្យ​សហចៅក្រម​ស៊ើបអង្កេត តាមរយៈដីកា​សន្និដ្ឋាន​បញ្ជូនរឿង​ឲ្យ​ស៊ើបសួរ។ គឺ​សហចៅក្រម​ស៊ើបអង្កេត​នេះឯង​ ដែលជាអ្នកមាន​អំណាច​សម្រេច​ថា​ តើ​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ទៅលើ​ជនសង្ស័យ​នេះដែរទេ។ ការសម្រេចនេះ​អាច​ធ្វើ​ទៅ​បាន​ លុះត្រាតែមាន​ការឯកភាពគ្នា​រវាង​សហចៅក្រម​ស៊ើបអង្កេត​ទាំងពីររូប។ ក្នុងករណី​ដែល​សហចៅក្រម​ស៊ើបអង្កេត​ទាំងពីររូប​មាន​យោបល់​ផ្ទុយគ្នា គេ​អាច​ប្តឹង​ទៅ​អង្គបុរេជំនុំជម្រះ​បាន ពោលគឺ​ អនុវត្តតាម​នីតិវិធី ដូចគ្នា​ទាំងស្រុង​នឹង​ករណី​ខ្វែងគំនិតគ្នា​រវាង​សហព្រះរាជអាជ្ញា។

និយាយជារួម តុលាការ​ខ្មែរក្រហម​ប្រកាន់យក​នូវ​គោលការណ៍​មួយថា រាល់​ការ​ចោទប្រកាន់ ឬ​ការ​ស៊ើបអង្កេត ដែល​កំពុង​ដំណើរការ​ ត្រូវតែ​បន្តទៅមុខ​ជាប់រហូត។ គេអាច​បញ្ឈប់​នីតិវិធី​នេះបាន លុះត្រាតែ​មាន​ការព្រមព្រៀង​ពី​សហព្រះរាជអាជ្ញាទាំងពីរ​រូប ឬ​សហចៅក្រម​ស៊ើបអង្កេត​ទាំងពីររូប​ឬ​ក៏​ត្រូវ​មានសំឡេង​​ភាគច្រើន នៅក្នុងអង្គបុរេជំនុំជម្រះ។ ការអនុវត្តន៍​យក​គោលការណ៍បែបនេះ គឺដើម្បីចៀសវាង​ការជាប់គាំង​ក្នុង​នីតិវិធី​តុលាការ។

នៅក្នុងដំណើរការស៊ើបអង្កេត សហចៅក្រម​ស៊ើបអង្កេត​​មានសិទ្ធិ​ក្នុងការ​ចេញដីកា​នាំខ្លួន​ជនសង្ស័យ ដើម្បី​មកសាកសួរ និង​អាច​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​បាន ប្រសិនបើ​មានការ​ចាំបាច់។ ជនជាប់សង្ស័យ​អាច​ប្តឹងជំទាស់​នឹង​សេចក្តីសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នេះ ទៅ​អង្គបុរេជំនុំជម្រះ​បាន ដូចដែល​យើង​បានឃើញ កាំង ហ្កិចអៀវ ហៅ ឌុច ខៀវ សំផន នួន ជា អៀង សារី និង អៀង ធីរិទ្ធិ ធ្លាប់បាន​ធ្វើ​កន្លងមក​ហើយ។

នៅចុងបញ្ចប់​នៃ​ការ​ស៊ើបអង្កេត ប្រសិនបើ​សហចៅក្រម​ស៊ើបអង្កេត​មិនអាច​ប្រមូល​បាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​ទេនោះ សហចៅក្រម​នឹង​ចេញ​ដីកា​លើកលែង​ការ​ចោទប្រកាន់​ ហើយ​សំណុំរឿង​នឹងត្រូវ​បិទបញ្ចប់។ ក៏ប៉ុន្តែ សហព្រះរាជអាជ្ញា​អាច​ប្តឹងទាស់​នឹង​សេចក្តីសម្រេច​នេះបាន។

ក្នុងករណីផ្ទុយពីនេះវិញ ប្រសិនបើ​សហចៅក្រម​ស៊ើបអង្កេត​​មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ សហចៅក្រម​នឹង​ចេញ​ដីកា​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជនសង្ស័យ ចំពោះ​បទល្មើស​ណាមួយ​ជាក់លាក់ ហើយ​បញ្ជូន​សំណុំរឿង​នេះ​ទៅឲ្យ​ចៅក្រម​សាលាដំបូង​ជា​អ្នក​បើក​សវនាការ​ ជំនុំជម្រះ។

គឺ​ចៅក្រម​សាលា​ដំបូង​នេះហើយ ដែល​មាន​សិទ្ធិសម្រេច​ថា តើ​ជនជាប់ចោទ​ពិតជា​មានទោស ដូច​ការ​ចោទប្រកាន់​ដែរ​ឬ​ទេ។ រាល់​សេចក្តីសម្រេច​របស់​សាលាដំបូង​អាច​ធ្វើទៅ​បាន ​លុះត្រាតែ​មាន​សំឡេង​គាំទ្រ​យ៉ាងតិច ៤សំឡេង ក្នុង​ចំណោម​ចៅក្រម​ទាំង៥រូប។ នេះ​មានន័យ​ថា បើទោះជា​ចៅក្រមខ្មែរ​មាន​ច្រើនជាង​ចៅក្រម​បរទេស ក៏ដោយ ក៏ប៉ុន្តែ ចៅក្រម​ខ្មែរ​តែ​ម្ខាង​មិនអាច​សម្រេចសេចក្តី​បានទេ ប្រសិនបើ​គ្មានការ​គាំទ្រ​ពី​សំណាក់​ចៅក្រម​បរទេស​យ៉ាងតិច​មួយរូប​ទេនោះ។

នីតិវិធី​នៃ​ការ​ចេញ​សេចក្តីសម្រេច​នេះ ក៏​ត្រូវអនុវត្ត​ដូចគ្នា​ដែរ ចំពោះ​តុលាការ​កំពូល។ រាល់ការ​សម្រេចសេចក្តី​នៅ​តុលាការ​កំពូល​ ត្រូវតែ​ធ្វើឡើង​តាមរយៈ​សំឡេងគាំទ្រ​យ៉ាងតិច ៥សំឡេង ក្នុង​ចំណោម​ចៅក្រម​ទាំង ៧​រូប ពោលគឺ​ ត្រូវមានការគាំទ្រ​​ពីសំណាក់​ចៅក្រម​បរទេស​យ៉ាងតិច​មួយរូប ទើប​ការ​សម្រេចសេចក្តី​នេះ​អាច​ធ្វើទៅបាន៕
tags: កម្ពុជា - តុលាការខ្មែរក្រហម

No comments:

Post a Comment

ម៉ោងលើពិភពលោក