គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Wednesday, December 21, 2011

លីប៊ី​និង​តុលាការ​ក្រុង​ឡាអេ​ដណ្តើមគ្នា​កាត់ទោស​កូនប្រុស​របស់​លោក​កាដាហ្វ៊ី



សាយីហ្វ អាល់​អ៊ីស្លាម (Saïf al Islam) កូន​ប្រុស​របស់​លោក​កាដាហ្វ៊ី ត្រូវ​បាន​អាជ្ញាធរ​លីប៊ី​ចាប់ខ្លួន កាលពី​ថ្ងៃ​សៅរ៍ ទី១៩ វិច្ឆិកា ២០១១។ ក្រោយ​ពី​បាន​ទទួល​ដំណឹង​អំពី​ការ​ចាប់ខ្លួន​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡាអេ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​លីប៊ី​បញ្ជូន​ខ្លួន​សាយីហ្វ អាល់អ៊ីស្លាម ទៅ​កាត់ទោស​នៅ​ឡាអេ។ ក៏ប៉ុន្តែ លីប៊ី​បាន​ទាមទារ​កាត់ទោស​កូនប្រុស​របស់​លោក​កាដាហ្វ៊ី នៅ​ក្នុង​ប្រទេស​លីប៊ី។
សាយីហ្វ អាល់អ៊ីស្លាម ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៣រូប ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​ដីកា​ចាប់ខ្លួន ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ប្រព្រឹត្ត​ទៅលើ​បាតុករ​ប្រឆាំង​នៅលីប៊ី។ ថ្វីដ្បិត​តែ​លីប៊ី​មិនមែន​ជា​សមាជិក​អនុសញ្ញា​ក្រុងរ៉ូម (ស្តីពី​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ) ក៏ប៉ុន្តែ ដំណើរការ​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​របស់​លោក​កាដាហ្វ៊ី និង​បក្សពួក ត្រូវ​បាន​ធ្វើ​ឡើង​ ទៅតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។
កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ អ្នកនាំពាក្យ​​រដ្ឋអាជ្ញា​តុលាការ​ក្រុងឡាអេ​បាន​ថ្លែង​ថា លីប៊ី​មាន​កាតព្វកិច្ច​សហការ​ជាមួយ​តុលាការ​អន្តរជាតិ ហើយ​ត្រូវ​តែ​បញ្ជូន​ខ្លួន សាយីហ្វ អាល់​អ៊ីស្លាម ទៅ​ឲ្យ​តុលាការ​ក្រុងឡាអេ ទៅតាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ ចំណែក​អាជ្ញាធរ​លីប៊ី​វិញ ទាមទារ​កាត់ទោស​កូនប្រុស​របស់​លោក​កាដាហ្វ៊ី ដោយ​តុលាការ​ជាតិលីប៊ី។
យោងតាម​គោលការណ៍​ នៃ​នីតិព្រហ្មទណ្ឌ​អន្តរជាតិ (ជាភាសាបារាំង Principe de subsidiarité) ក្នុងករណី​មាន​ការ​ប្រជែងគ្នា​រវាង​តុលាការ​ជាតិ និង​តុលាការ​​អន្តរជាតិ ទៅលើ​សំណុំរឿងតែមួយ គេ​ត្រូវ​ទុក​អាទិភាព​ទៅ​ឲ្យ​តុលាការ​ជាតិ​ជា​អ្នក​ជំនុំជម្រះ។ តុលាការ​ក្រុងឡាអេ​មាន​សមត្ថកិច្ច​ជំនុំជម្រះ លុះត្រាតែ តុលាការ​ជាតិ​មិន​ព្រម​ជំនុំជម្រះ ឬ​ក៏​ទាមទារ​ចង់ជំនុំជម្រះ​ដែរ ប៉ុន្តែ មិនមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​រៀបចំ​ការកាត់ទោស​ប្រកបដោយ​លក្ខណៈ​យុត្តិធម៌។
ដូច្នេះ ជាគោលការណ៍ អំណាច​ជំនុំជម្រះ​លើ​កូនប្រុស​របស់​លោក​កាដាហ្វ៊ី ត្រូវ​ធ្លាក់​ក្នុង​ដៃ​តុលាការ​ជាតិ​លីប៊ី។ ក៏ប៉ុន្តែ តុលាការ​ក្រុងឡាអេ​នៅតែ​អាច​ទាមទារ​​យក​សាយីហ្វ អាល់​អ៊ីស្លាម​មក​កាត់ទោស​បាន ដោយ​លើក​ហេតុផល​ថា តុលាការ​លីប៊ី​បច្ចុប្បន្ន​មិនមាន​លក្ខណៈ​ឯករាជ និង​អព្យាក្រឹត ក្នុងការ​ផ្តល់​យុត្តិធម៌​ដល់​ជន​ជាប់ចោទ។
អស់រយៈពេល​រាប់សិបឆ្នាំ​មកហើយ ដែល​លីប៊ី​មិនដែល​មាន​រចនាសម្ព័ន្ធ​តុលាការ​​ប្រកបដោយ​លក្ខណៈ​ឯករាជ្យ និង​អព្យាក្រឹត។ ក្រោយ​ពី​របបដឹកនាំ​របស់​លោក​កាដាហ្វ៊ី​ដួលរលំ​ទៅ ប្រព័ន្ធ​តុលាការ​ថ្មី​ក៏​នៅ​មិនទាន់​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ត្រឹមត្រូវ។ សូម្បីតែ​រដ្ឋាភិបាល​ ក៏លីប៊ី​នៅមិនទាន់​បង្កើត​បានផង។ ម្យ៉ាងវិញ​ទៀត អាជ្ញាធរ​លីប៊ី​បច្ចុប្បន្ន​នេះ គឺ​ជា​គូសត្រូវ​របស់​លោក​កាដាហ្វ៊ី។ ការ​កាត់ទោស​អ្នកចាញ់​ ដោយ​តុលាការ​របស់​អ្នក​ឈ្នះ កម្រ​នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​យុត្តិធម៌​ណាស់។ ការសម្លាប់​លោក​កាដាហ្វ៊ី ក្រោយ​ការ​ចាប់ខ្លួន ដោយ​មិន​ឆ្លងកាត់​ការ​ជំនុំជម្រះ​ត្រឹមត្រូវ​នោះ ក៏​រឹតតែ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មិនទុកចិត្ត​លើ​​តុលាការ​របស់​លីប៊ី​ថែមទៀត។
ទោះជាយ៉ាងណា តុលាការ​ក្រុងឡាអេ​មិនបាន​បដិសេធ​ចោលទាំងស្រុង​​ករណី​​កាត់ទោស​​សាយីហ្វ អាល់​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​លីប៊ី​នោះដែរ។ កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ អ្នកនាំពាក្យ​រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ថ្លែង​ថា ប្រសិនបើ​អាជ្ញាធរ​លីប៊ី​ចង់​កាត់ទោស​សាយីហ្វ អាល់​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​លីប៊ី ពួកគេ​ត្រូវ​តែ​ដាក់សំណើ​សុំ​មក​តុលាការ​ក្រុងឡាអេ​ឲ្យ​ប្រគល់​សមត្ថកិច្ច​ជំនុំជម្រះ​ទៅ​តុលាការ​ជាតិវិញ។ ក្នុងករណីនេះ ដំណើរការ​ជំនុំជម្រះ​ដោយ​តុលាការ​លីប៊ី​ត្រូវ​តែ​ធ្វើឡើង​ស្របទៅតាម​នីតិវិធី និង​បទចោទប្រកាន់ ដែល​មាន​ចែង​ក្នុង​ដីកា​ចាប់ខ្លួន ចេញ​ដោយ​តុលាការ​ក្រុងឡាអេ។
អ្នកនាំពាក្យ​រូបនេះ​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា លោក​ ល្វីស ម៉ូរេណូ អូកាំប៉ូ (Luis Moreno Ocampo) រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​លីប៊ី នៅ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ជជែក​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី រក​ដំណោះស្រាយ​ជុំវិញ​ការកាត់ទោស​ សាយីហ្វ អាល់​អ៊ីស្លាម។
បណ្តា​ប្រទេស​លោកខាងលិច ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នានា បាន​នាំគ្នា​​ទាមទារ​ឲ្យ​អាជ្ញាធរ​លីប៊ី​សហការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុងការ​កាត់ទោស​កូនប្រុស​របស់​លោក​កាដាហ្វ៊ី៕

ប្រភព៖ RFI  ( http://www.khmer.rfi.fr/)
ដោយ សេង ឌីណា​
នៅក្នុងពេល​ដែល​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ ដូចជា អាមេរិក និង​ប្រទេស​នៅអឺរ៉ុប ជាដើម កំពុង​ផុងខ្លួន​ក្នុង​វិបត្តិ​ប្រាក់​បំណុល អ្នកវិនិយោគ​កំពុង​តែ​ងាក​ទៅចាប់អារម្មណ៍​លើ​ការវិនិយោគ​លើមូលបត្រ​បំណុល​របស់​ប្រទេសកំពុង​អភិវឌ្ឍ​វិញ​ម្តង ជាពិសេស ប្រទេស​ដែល​កំពុង​តែ​មាន​ការ​រីកលូតលាស់​ខ្លាំង ដូចជា ប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក អាហ្វ្រិក​ខាង​ត្បូង ជាដើម។

នៅពេល​បច្ចុប្បន្ន​នេះ ទីផ្សារ​មូលបត្រ​បំណុល​របស់​ប្រទេស​​​កំពុង​អភិវឌ្ឍ ដែល​​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ មាន​ទំហំ​រហូតដល់​ទៅ​ប្រមាណ​ពី ១០% ទៅ ១៥% នៃ​ទីផ្សារ​ពិភពលោក ពោល​គឺ កើនឡើង​ទ្វេដង បើ​ធៀប​នឹង​កាល​ពី​​​១០ឆ្នាំ​មុន។
ស្ថាប័ន​ហិរញ្ញវត្ថុ​​ជាច្រើន​បាន​ឲ្យដឹង​ថា ចាប់តាំង​ពី​​វិបត្តិ​ប្រាក់​បំណុល​ផ្ទុះឡើង​នៅ​អាមេរិក និង​នៅ​អឺរ៉ុប មូលបត្រ​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​បាន​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ខ្លាំងឡើង​ថែមទៀត។ មូលហេតុ គឺ​មាន​ពីរ​ធំៗ៖ ហានិភ័យ​ទាប និង​ផលចំណេញ​ខ្ពស់។
ក្នុងពេល​ដែល​​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​ឧស្សាហកម្មកំពុង​មាន​កំណើន​ដ៏តិចតួច (ឬ​គ្មាន​កំណើន​សោះ​នៅ​ប្រទេស​ខ្លះ) ហើយ​ត្រូវ​ខ្ចីបុល​លុយគេ ដើម្បី​​​មក​បំពេញ​ការចំណាយ​ តម្រូវ​ទៅតាម​របៀប​រស់នៅ​ហ៊ឺហា ប្រទេស​កំពុង​អភិវឌ្ឍ​វិញ មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ផង​ និង​ចាត់ចែង​ថវិកា​ជាតិ​បាន​ល្អ​ផង។
យោងតាម​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ប្រាក់បំណុល​សាធារណៈ​របស់​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ គិតជា​មធ្យម​ មាន​រហូតដល់​ទៅ ៩០% នៃ​ផលិតផល​ក្នុងស្រុក​សរុប។ ចំណែក​ប្រាក់​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​វិញ គឺ​មាន​ត្រឹមតែ​ ៤០%​ ប៉ុណ្ណោះ។ ប្រទេស​កំពុង​អភិវឌ្ឍ​ខ្លះ ដូចជា រុស្ស៊ី ជាដើម មាន​ប្រាក់​បំណុល​ត្រឹមតែ​ជាង ១១% ប៉ុណ្ណោះ។
ជាលទ្ធផល ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​អ្នកមាន​​ត្រូវបាន​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ទម្លាក់​ចុះ​ជា​បន្តបន្ទាប់។ ចំណែក​​ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​​​វិញ ថ្វីដ្បិត​តែ​នៅទាប​ជាង​ប្រទេស​អ្នកមាន ក៏ប៉ុន្តែ បន្ត​កើនឡើង​ជាប់ជានិច្ច។ ក្នុងរយៈពេល​ប្រមាណ​មួយ​ឆ្នាំ​កន្លងទៅនេះ គេ​សង្កេតឃើញ​ថា ចំណាត់ថ្នាក់​ឥណទាន​របស់​ ប្រេស៊ីល ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ហ្វ៊ីលីពីន ជាដើម សុទ្ធតែ​បានកើនឡើង។
ម្យ៉ាងវិញ​ទៀត ការវិនិយោគលើ​មូលបត្រ​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​​ផ្តល់​នូវ​ផល​ចំណេញ​ គិតជាមធ្យម ៦% ពោលគឺ ប្រមាណ​ជា ៣ដង ច្រើន​ជាង​ផលចំណេញ​ពី​ការ​វិនិយោគ​លើ​មូលបត្រ​បំណុល​​ប្រទេស​មហាអំណាច​ឧស្សាហកម្ម។ មូលបត្រ​បំណុល​របស់​ប្រេស៊ីលវិញ អាច​ផ្តល់​ផលចំណេញ​រហូតដល់​ទៅ​ប្រមាណ ១២%៕

ប្រភព៖ RFI  ( http://www.khmer.rfi.fr/f)

ដោយ សេង ឌីណា
ចាប់តាំង​ពី​មាន​វិបត្តិ​ប្រាក់​បំណុល​នៅ​អឺរ៉ុប និង​អាមេរិក គេ​តែង​ឮ​​ស្ទើរតែ​រៀងរាល់​ថ្ងៃ​​​នូវ​ព័ត៌មាន​ ស្តីពី​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​។ សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​​ច្រួលច្របល់ ឬ​អាច​ធូរ​ស្រាលមកវិញ។ សូម្បីតែ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ក៏​ព្យាយាម​ធ្វើ​តម្រូវចិត្ត​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ដែរ។



ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល (Credit Rating Agency) មាន​ចំនួន​ច្រើន ក៏ប៉ុន្តែ គេ​សង្កេត​ឃើញ​មាន​ទីភ្នាក់ងារ​​តែ​៣​ប៉ុណ្ណោះ ដែល​គ្រប់គ្រង​ចំណែក​ទីផ្សារ​ពិភពលោក​ច្រើន​ជាងគេ គឺ Standard and Poor’s, Moody’s និង Fitch។ ទីភ្នាក់ងារ​ទាំងនេះ គឺ​ជា​ស្ថាប័ន​ឯកជន ដែល​មាន​មុខងារ​វាយតម្លៃមើលថា​ តើ​​ការ​​វិនិយោគ​លើ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន​មួយ ឬ​ប្រទេស​មួយ មាន​ហានិភ័យ​កម្រិតណា?
ចំណាត់ថ្នាក់​ឥណទាន​របស់​រដ្ឋ​ត្រូវ​គេ​កំណត់​ដោយ​ពិនិត្យ​ទៅលើ​ហានិភ័យ​​ក្នុង​វិស័យ​ចំនួនបី៖ នយោបាយ សេដ្ឋកិច្ច និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ ចំណាត់ថ្នាក់​នេះ ត្រូវ​គេ​កំណត់​​ដោយ​​អក្សរ ចាប់ពី AAA (ចំណាត់ថ្នាក់​ល្អ​ជាងគេ មានន័យថា ហានិភ័យ​បំណុល​មាន​ទាប​បំផុត) រហូតដល់ D (ក្ស័យធន)។
ចំណាត់ថ្នាក់​ឥណទាន គឺ​ជា​ព័ត៌មាន​ដ៏​សំខាន់​មួយ សម្រាប់​ជា​ជំនួយ​ដល់​អ្នកវិនិយោគ​ ក្នុងការ​សម្រេច​ធ្វើ​វិនិយោគ។ ដូច្នេះ ប្រសិន​បើ​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ទម្លាក់​ចំណាត់ថ្នាក់​​ឥណទាន​របស់​ប្រទេសណាមួយ វា​នឹង​​អាច​ធ្វើ​ឲ្យ​មូលបត្រ​បំណុល​របស់​ប្រទេសនោះ​​​ធ្លាក់ថ្លៃ មានន័យថា អ្នកវិនិយោគ​មិន​សូវ​ចង់​ឲ្យ​លុយ​ប្រទេស​នោះ​ខ្ចី ហើយ​អត្រា​ការប្រាក់​កម្ចី​នោះ មាន​កម្រិត​ខ្ពស់។
ដូចនេះ​ហើយ​បាន​ជា​ប្រទេស​នីមួយៗ​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​ចំណាត់ថ្នាក់​ឥណទាន​ឲ្យ​បាន​ខ្ពស់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅបាន។
ក៏ប៉ុន្តែ អ្នកខ្លះ​បាន​រិះគន់​​ថា ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​​​​ជា​អ្នក​ធ្វើ​ឲ្យ​វិបត្តិ​បំណុល​កាន់តែ​ធ្លាក់​ចុះ​ដុនដាប។ នៅពេល​​ដែល​​ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​មួយ​ត្រូវ​គេ​បញ្ចុះ មូលបត្រ​បំណុល​របស់​ប្រទេស​នោះ​នឹង​ត្រូវ​ធ្លាក់​ថ្លៃ ហើយ​អត្រាការប្រាក់​នឹង​ត្រូវ​កើនឡើង។ នៅពេលនោះ អ្នក​វិនិយោគ​ដែល​មាន​មូលបត្រ​នេះ​ក្នុង​ដៃ​ក៏​នឹង​នាំគ្នា​លក់ចេញ។ អ្នក​លក់​មាន​ច្រើន ចំណែក​អ្នក​ទិញ​មិនសូវ​មាន វា​នឹង​ធ្វើ​ឲ្យ​​អត្រាការប្រាក់​​កាន់តែ​កើនឡើង​ថែមទៀត។ ប្រទេស​ដែល​ត្រូវ​គេ​ទម្លាក់​ចំណាត់ថ្នាក់ ក៏​​ត្រូវ​ប្រឈមមុខ​នឹង​​វិបត្តិ​ប្រាក់​បំណុល​កាន់តែ​​ធ្ងន់ធ្ងរ​ជាងមុន​​ទៀត។
អ្នក​នយោបាយ​មួយ​ចំនួន​ នៅ​ក្នុង​តំបន់​អឺរ៉ូ មាន​ការ​សង្ស័យថា ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ធំៗ​ទាំងបី គឺ Standard and Poor’s, Moody’s និង Fitch (ដែល​សុទ្ធសឹង​ជា​ទីភ្នាក់ងារ​បង្កើតឡើង​ នៅ​សហរដ្ឋ​អាមេរិក) មាន​ចេតនា​បង្ក​ចលាចល​នៅ​អឺរ៉ុប ដើម្បី​បង្វែរ​​ចំណាប់​អារម្មណ៍​ពី​អាមេរិក ដែល​កំពុង​ជួប​នឹង​វិបត្តិ​បំណុល​ដែរ។
ម្យ៉ាងវិញ​ទៀត ការធ្វេសប្រហែស​ក្នុង​ការ​វាយតម្លៃ​ហានិភ័យ​ឥណទាន​អចលនទ្រព្យ​នៅអាមេរិក (Subprime) ដែល​ជា​ដើមហេតុ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០០៨ ក៏​ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​គេ​រិះគន់​​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល៕
TAGS: វិបត្តិបំណុល - សហភាពអឺរ៉ុប

Sunday, December 18, 2011



ក្រុម​ហ៊ុន​ធំៗរបស់ជប៉ុន​ស្វែងរកឱកាស​នៅកម្ពុជា

ប្រភព ៖  ភ្នំពេញប៉ុស្ត៍  FRIDAY, 16 DECEMBER 2011 12:03
ម៉ៃ គុណមករា
ភ្នំពេញៈ ក្រុម​ហ៊ុន​ធំៗ​របស់​ជប៉ុន​ប្រមាណ​ជា​៣៥​ក្រុម​ហ៊ុន ​កំពុង​ស្វែងរក​ការ​ធ្វើ​ពាណិជ្ជ​កម្ម ​និង​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ ​នេះ​បើ​តាម​អគ្គ​នាយក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​។​
លោក ​ងួន ​ម៉េងតិច ​អគ្គ​នាយក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ពាណិជ្ជករ​ ដែល​ដឹក​នាំ​ដោយ​ប្រធាន​ពាណិជ្ជ​កម្ម ​ឧស្សាហកម្ម​ជប៉ុន ​លោក ​Kouhei ​Watanabe ​បាន​ជួប​ជា​មួយ ​លោក ​គិត​ ម៉េង ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ (CCC) កាល​ពី​ថ្ងៃ​ព្រហ​ស្ប​តិ៍​ម្សិល​មិញ​។
លោក​បន្តថា ​ក្រុម​ហ៊ុន​ទាំង​នោះ​មក​ពី​វិស័យ​ធនាគារ វិស័យ​ហិរញ្ញ​វត្ថុ ​ឧស្សាហ​កម្ម ​ដែល​រួមទាំង​ក្រុម​ហ៊ុន ​តូយ៉ូតា ​និង​មីត​ស៊ុយ​ប៊ីស៊ី ​បាន​ជួប​ជា​មួយ​ពាណិជ្ជករ​នៅ​ក្នុង​ស្រុក​ប្រមាណ​ជា​៣៧​ក្រុមហ៊ុន​។​
លោកបាន​បន្ត​ទៀត​ថា​៖ ​«​ពួក​គេ​ចង់​ដឹង​បន្ថែម​ពី​ឱកាស​ពាណិជ្ជកម្ម​ពី​យើង​ ព្រោះ​ពួកគេ​ចង់​ពង្រីក​ការ​វិនិយោគ​ និង​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​​។ ​ពួក​គេ​សួរ​យើង​ពី​វិស័យ​អាទិ​ភាព​នៅ​កម្ពុជា ​ ហើយ​យើង​ក៏​ប្រាប់​គេ​ថា​ រដ្ឋា​ភិបាល​កំពុង​ចេញ​​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ ដើម្បី​បង្កើន​ការ​នាំចេញ​»​។​
បើ​ទោះ​បី​យ៉ាង​នេះ​ក្តី​ លោក ​ងួន ​ម៉េង​តិច​ បាន​និយាយ​ថា ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ​ទេ​។
លោក​ថ្លែង​ថា​៖​ «​ យើង​មិន​ប្រាក​ដនៅ​ឡើយ​ទេ​ ថា វិស័យ​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍ ពី​ព្រោះ​ពួកគេ​ធ្វើការ​ច្បាស់​ណាស់​មុន​នឹង​សម្រេច​ចិត្ត​វិនិយោគ​ក្នុង​វិស័យណាមួយ​»។​
សភា​ពាណិជ្ជ​កម្ម​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា(MoU) មួយ​ស្តីពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​ជាមួយ​សភា​ពាណិជ្ជកម្ម ឧស្សាហ​កម្ម​ជប៉ុន ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។
អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​រូបនេះ​ និយាយ​ថា ​ក្រុមហ៊ុន​មក​ពី​ជប៉ុន​មួយ​ចំនួន ​ដូច​ជា ​អាជី​ណូម៉ូតូ​ យ៉ាម៉ាហា​ម៉ូទ័​រ និង​ Minebea ​បាន​បង្កើត​រោង​ចក្រ​នៅ​កម្ពុជា​រួចរាល់​ហើយ​៕​SS

ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ពួក​វិនិយោគិន​ធំ​ៗ

ប្រភពៈ  ភ្នំពេញប៉ុស្ត៍   WEDNESDAY, 16 NOVEMBER 2011 12:00
ANTHONY GALLIANO

111116_11a
ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​​ដែល​គេ​ចង​ជា​ដុំ​ៗ​នៅ​​ធនាគារ​មួយ​នៅ​អាមេរិក​។ រូបថត Bloomberg
ភ្នំពេញៈ Al Capone ដែល​គេ​ស្គាល់​ថា​ ជា​សត្រូវ​លេខ​មួយ​របស់​សាធារណជន​ ប្រហែល​ជា​បុគ្គល​សំខាន់​ម្នាក់ ​ក្នុង​ចំណោម​ឧក្រិដ្ឋជន​ល្បី​ល្បាញ​ខាង​រឿង​អាក្រក់​បំផុត​នៅ​អាមេរិក​។
ចំណែក​លោក John Dillinger, Lucky Luciano និង John Gotti​ ជា​ឧក្រិដ្ឋ​ជន​ប្រវត្តិ​សាស្ត្រ​ដ៏​ល្បី​ល្បាញ។  ចំណែក​លោក​ Bernie Ebbers, Dennis Kozlowski និង Bernie Madoff អាច​មិន​មែន​ជា​បុគ្គល​ល្បី​ល្បាញ ប៉ុន្តែ​ពួក​គេ​ក៏​ជា​ឧក្រិដ្ឋ​ជន​ដែល​ល្បី​ល្បាយ​ដោយ​សារ​តែ​អ្នក​ទាំង​នោះ ​ត្រូវ​បាន​កាត់​​ទោស​ពី​ករណី​ផ្សេង​ៗ​គ្នា។
អ្នក​ទាំង​នេះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទាក់​ទង​នឹង​ការ​ងារ​ប្រើ​ប្រាជ្ញា បទ​ឧក្រិដ្ឋ​មិន​ប្រើ​អំពើ​ហិង្សា ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ឆបោក ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ខុស​ច្បាប់ សូក​ប៉ាន់ ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្ទៃ​ក្នុង ការ​រំលោភ​សេចក្តី​ទុក​ចិត្ត និង​ការ​បោក​ប្រាស់​ដែល​ជា​ធម្មតា​ករណី​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ ក្រុម​ហ៊ុន ពាណិជ្ជករ ឬ​មន្ត្រី​រដ្ឋា​ភិបាល។
លោក Edwin Sutherland ​ធ្វើ​ឲ្យ​មាន​ភាព​ល្បី​ល្បាញ​នូវ​ពាក្យ​ ថា«បទ​ឧក្រិដ្ឋ​ដោយ​ពាណិជ្ជករ​ធំ​ៗ» ​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៣៩។ លោក​បាន​បង្កើត​ទ្រឹស្តី​មួយ​ថា បទ​ឧក្រិដ្ឋ គឺជា​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​នៅ​គ្រប់​សង្គម គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ដោយ​បុគ្គល​ណា​ម្នាក់ តាម​រយៈ​ស្ថាប័ន​ធំ​ៗ និង​មាន​អំណាច។
Bernie Ebbers ជា​សហ​ស្ថានិក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Worldcom ហើយ​កាល​ពី​ឆ្នាំ​២០០២ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ជន​ដែល​បង្ក​ឲ្យ​មាន​រឿង​អាស្រូវ​ គណនេយ្យ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក។ Worldcom បាន​កេង​យក​ចំណេញ​ពី​ការ​ចំណាយ​ប្រតិបត្តិការ​ធម្ម​តា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​បាន​បង្កើន​ប្រាក់​ចំណូល​តាម​រយៈ​ការ​បញ្ចូល​គណនី​ក្លែង​ក្លាយ ដែល​មាន​ទឹក​ប្រាក់​សរុប​១១​ពាន់​លាន​ដុល្លារ​។
ការ​ឆបោក​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​សម្រាប់​អាជីវកម្ម​នេះ កើន​ឡើង ដែល​តាម​ការ​ពិត​ទៅ​ក្រុម​ហ៊ុន​នេះ​មិន​បាន​រក​ប្រាក់​ចំណេញ​បាន​សោះ​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក Ebbers ក៏​បាន​បញ្ចុះ​បញ្ចូល​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុម​ហ៊ុន ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ដល់​លោក ចំនួន​ជាង ៤០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ឲ្យ​លោក​អាច​យក​ប្រាក់​ទាំង​នោះ ទៅ​ប្រើ​ប្រាស់​សម្រាប់​ជា​ប្រយោ​ជ​ន៍​ផ្ទាល់​ខ្លួន​។ ទន្ទឹម​នឹង​នេះ​ដែរ លោក Ebbers ជា​សមាជិក​វិហារ Easthaven Baptsit Church ដែល​រក​ប្រាក់​ចំណេញ​បាន​យ៉ាង​ច្រើន ហើយ​លោក​ក៏​បាន​ទៅ​បង្រៀន​នៅ​សាលា​ថ្ងៃ​អាទិត្យ​ជា​ប្រចាំ​ផង​ដែរ។
ក្រៅ​ពី​បុគ្គលិក​ចំនួន​ប្រហែល ៣០​ពាន់​នាក់​បាន​បាត់​បង់​ការងារ​ធ្វើ​ក៏​នៅ​មាន​វិនិយោគិន​ជា​ច្រើន​ទៀត ​ដែល​បាន​ខាត​បង់​ទឹក​ប្រាក់​ជាង​១០០​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន បាន​ធ្លាក់​ចុះ​ពី​ជាង​៦០​លាន​ដុល្លារ​ មក​នៅ​ត្រឹម ២០​សេន​ប៉ុណ្ណោះ។ បច្ចុប្បន្ន លោក Ebber បាន​ជាប់​ឃុំ​រយៈពេល​២៥​ឆ្នាំ ដោយ​សារ​តែ​ការ​ឆបោក​មូល​បត្រ និង​ការ​បង្កើត​គំនិត​ក្បត់។
លោក Dennis Kozlowski ជា​ប្រធាន​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុម​ហ៊ុនTyco International​។ លោក Kozlowski និង​លោក Mark Swartz ដែល​ជា​ប្រធាន​នាយក​ហិរញ្ញវត្ថុ ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​បាន​លួច​ប្រាក់​ចំនួន ៦០០​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​តាម​រយៈ​កម្ចី និង​ការ​លក់​ភាគ​ហ៊ុន​ក្លែង​ក្លាយ។ លោក Kozlowski ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​របៀប​រស់​នៅ​ដោយ​ការ​ចាយ​វាយ​ខ្ជះ​ខ្ជាយ ឲ្យ​ក្រុម​ហ៊ុន​បង់​​ថ្លៃ​ផ្ទះ​ល្វែង​ស្នាក់​នៅ​របស់​លោក​​៣០​លាន​ដុល្លារ ដែល​ក្នុង​នោះ រាប់​បញ្ចូល​ទាំង​ទឹក​ផ្កា​ឈូក​ក្នុង​បន្ទប់​តម្លៃ​៦​ពាន់​ដុល្លារ​ និង ១​លាន​ដុល្លារ​ ​សម្រាប់​ពិធី​ជប់​លៀង​ខួប​កំណើត​របស់​ភរិយា​ទី​ពីរ​របស់​លោក។ លោក​បាន​ជាប់​ឃុំ​ឃាំង​ពី ៨ ទៅ ២៥​ឆ្នាំ ពី​បទ​ក្លែង​បន្លំ​ពន្ធ និង​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​ទៀត។
លោក Bernie Madoff បាន​ទទួល​ខុស​ត្រូវ​លើ​ការ​ឆបោក​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ ដែល​បទ​ឧក្រិដ្ឋ​នេះ បាន​ធ្វើ​ឲ្យ​វិនិយោគិន​ខាត​បង់​ប្រាក់​ចំនួន​ជិត​១៨​ពាន់​លាន​ដុល្លារ​។
លោក Madoff បាន​យក​ប្រាក់​របស់​វិនិយោគិន ហើយ​ដាក់​វា​ទៅ​ក្នុង​គណនី​របស់​ខ្លួន។ លោក​សារ​ភាព​ថា លោក​មិន​ធ្លាប់​បាន​យក​ប្រាក់​របស់​អតិថិជន​ទៅ​វិនិយោគ​ដោយ​ស្រប​ ច្បាប់​ឡើយ ក្នុង​មួយ​ជីវិត​ឆបោក​របស់​លោក​ ហើយ​ក្រុម​អ្នក​ស៊ើប​អង្កេត ជឿ​ជាក់​ថា ការ​ប្រព្រឹត្ត​របស់​លោក បាន​ធ្វើ​ឡើង​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក​ម្ល៉េះ។
ពេល​អតិថិជន​សួរ​លោក ទាក់​ទងនឹង​ការ​ដក​ប្រាក់​នេះ លោក​បាន​ដក​ចេញ​ពី​គណនី Chase របស់​លោក។ អ្វី​ដែល​ជា​កំហុស​ឆ្គង​ទាក់​ទង​នឹង​ករណី​នេះ គឺ​ថា លោក Madoff បាន​បម្រើ​ការ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៅ​ក្នុង​សមាគម​ជាតិ​ ពាណិជ្ជករ​មូល​បត្រ។ លោក Madoff ត្រូវ​បាន​ជាប់​ឃុំ​រយៈ​ពេល​១៥០​ឆ្នាំ។
ភាព​ក្ស័យ​ធន​របស់ MF Global បាន​ក្លាយ​ទៅ​ជា​ព័ត៌​មាន​ដ៏​ក្តៅ​គគុក​ ដោយ​សារ​តែ​លទ្ធភាព​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ប្រាក់​របស់​អតិថិជន​ចំនួន​ ប្រមាណ​ជា ៦០០​លាន​ដុល្លារ​។
ក្រុម​ហ៊ុន​នេះ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Jon Corzine ដែល​ជា​អតីត​ប្រធាន​នាយក​ប្រតិបត្តិ​របស់ Gold Sachs និង​ជា​អតីត​អភិបាល​រដ្ឋ New Jersey។ បើ​តាម​ការ​រាយ​ការណ៍ FBI បាន​បើក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ។
ទោះ​បី​ជា Enron, Lehman Brothers, AIG, Waste Management, Jerome Kerviel, Nick Leeson មាន​ការ​​គ្រប់​គ្រង​តឹងរ៉ឹង​ក៏​ដោយ ប៉ុន្តែ​ការ​ធ្វើ​កំណែ​ទម្រង់​វដ្ត​នេះ នៅ​តែ​បន្ត។ ប្រហែល​ នេះ​ជា​ចលនា​នៃ «​ការ​កាន់​កាប់​វិថី​ wall street​» ការ​បាតុកម្ម​ប្រឆាំង​នឹង​វិសមភាព​សេដ្ឋកិច្ច ភាព​លោភ​លន់ និង​អំពើ​ពុក​រលួយ​ នឹង​បង្កើត​ឲ្យ​មាន​ចំណុច​ដែល​ស័ក្តិ​សម​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​៕CS
ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​វិនិយោគិន​កម្ពុជា។ អ៊ីមែល: anthonygalliano@covenantim.com

ការ​ធ្វើ​ទីផ្សារ​ជា​មធ្យោបាយ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រក្សា​អតិថិជន

ប្រភពៈ  ភ្នំពេញប៉ុស្ត៍   WEDNESDAY, 14 DECEMBER 2011 12:00
ANTHONY GALLIANO

111214_11a
កម្មវិធី​ផ្តល់​​រង្វាន់​​របស់ ​Cell card ជា​​ផ្នែក​​មួយ​នៃ​ការ​​ធ្វើ​ទីផ្សារ​​​​របស់​​ខ្លួន។​រូបថត ជីវ័ន
ភ្នំពេញៈ Peter Drucker អ្នក​និពន្ធ និង​ជា​អ្នក​ពិគ្រោះ​យោបល់​ជន​ជាតិ​អាមេរិក ទទួល​បាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​តែ​សម្តី​របស់​លោក ដែល​ត្រូវ​បាន​គេ​ដក​ស្រង់​មក​ថា៖ «គោល​បំណង​នៃ​ការ​ធ្វើ​ទីផ្សារ គឺ​ចង់​ដឹង និង​យល់​ច្បាស់​អំពី​អតិថិជន​ ដើម្បី​លក់​ផលិត​ផល ឬ​សេវាកម្ម​ឲ្យ​ដាច់»​។
ការ​ធ្វើ​ទីផ្សារ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​គ្រប់​គ្រង​អាជីវកម្ម ពោល​គឺ​វា​សំខាន់​ដូច​ផលិតកម្ម និង​​ហិរញ្ញវត្ថុ​ដែរ។ ខណៈ​ដែល​ការ​ធ្វើ​ទីផ្សារ ទទួល​បាន​ការ​ផ្តោត​ជា​សំខាន់​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​បច្ចុប្បន្ន វា​ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​លើ​ទីផ្សារ​ដែល ​កំពុង​រីក​ចម្រើន​ផង​ដែរ​។
ការ​ធ្វើ​ទីផ្សារ ជា​ដំណើរ​ការ​មួយ ដែល​គេ​ប្រើ​ដើម្បី​កំណត់​ផលិត​ផល និង​សេវាកម្ម​ដែល​អាច​ជា​ទី​ចាប់​អារម្មណ៍​របស់​អតិថិជន​ជា​ច្រើន ហើយ​ដំណើរ​ការ​នេះ រាប់​បញ្ចូល​ទាំង​មុខ​ងារ​នៃ​ការ​លក់ ទំនាក់​ទំនង​សាធារណៈ ការ​កំណត់​តម្លៃ ការ​វេច​ខ្ចប់ និង​ការ​ចែក​ចាយ​ផង​ដែរ។
វា​ជា​បច្ចេក​ទេស​មួយ​ក្នុង​ការ​កំណត់​អតិថិជន ការ​ប្រមើល​មើល និង​ការ​បំពេញ​តាម​លក្ខ​ខណ្ឌ​របស់​​អតិថិជន ក៏​ដូច​ជា​ការ​រក្សា​ទំនាក់​ទំនង​របស់​អតិថិជន តាម​មធ្យោបាយ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​ហ៊ុន និង​ម្ចាស់​ភាគ​ហ៊ុន​។
«ការ​ធ្វើ​ទីផ្សារ​ចម្រុះ» ជា​វិធី​សាស្ត្រ​ដែល​គេ​ពេញ​និយម​ប្រើ​ជាង​គេ​នៅ​ក្នុង​ការ​ធ្វើ​ទីផ្សារ។ វិធី​សាស្ត្រ​នេះ រួម​មាន​កត្តា​ជា​ច្រើន ដែល​គេ​អាច​គ្រប់​គ្រង​បាន ក្នុង​នោះ មាន​ដូច​ជា 4P ជា​ដើម ដែល​តំណាង​ឲ្យ​ផលិតផល តម្លៃ ទីកន្លែង និង​ការ​ផ្តល់​ជូន​ពិសេស​។
វត្ថុ​បំណង​នៃ​ការ​ធ្វើ​ទីផ្សារ​នេះ គឺ​ការ​បង្កើត​យុទ្ធសាស្ត្រ​មួយ​ដែល​ 4P ផ្តោត​ជា​សំខាន់​លើ​អតិថិជន នៅ​ក្នុង​ទី​ផ្សារ​គោល​ដៅ​ដើម្បី​បង្កើត​តម្លៃ​ឆ្លើយ​តប​ជា​វិជ្ជមាន។ ការ​ពង្រីក​គោល​គំនិត​នេះ រហូត​ដល់​ការ​វេច​ខ្ចប់ ការ​រក្សា​ទីផ្សារ និង​មនុស្ស ត្រូវ​គេ​ស្គាល់​ថា​7P​។
ផលិតផល រាប់​បញ្ចូល​ទាំង​ឈ្មោះ​ពាណិជ្ជកម្ម ស្លាក​សញ្ញា ការ​ផ្ដល់​សេវាកម្ម និង​គុណ​ភាព។ តម្លៃ ជា​យុទ្ធ​សាស្ត្រ​កំណត់​តម្លៃ​ផលិត​ផល ការ​បញ្ចុះ​តម្លៃ និង​ភាព​បត់​បែន។ ទី​ផ្សារ ពាក់​ព័ន្ធ​នឹង​មធ្យោបាយ​ចែក​ចាយ ការ​គ្រប​ដណ្តប់​ទី​ផ្សារ ការ​គ្រប់​គ្រង​ស្តុក និង​ការ​រៀប​រាប់​លម្អិត​អំពី​ការ​ដឹក​ជញ្ជូន។ ការ​ផ្តល់​ជូន​ជា​ពិសេស រួម​មាន ការ​ផ្សាយ​ពាណិជ្ជ​កម្ម កម្លាំង​លក់ ការ​ទំនាក់​ទំនង និង​ការ​ផ្សាយ​ជា​សាធារណៈ។
ការ​ធ្វើ​ទីផ្សារ​កំពុង​មាន​ការ​ទទួល​ស្គាល់​នៅ​កម្ពុជា ដោយ​សារ​តែ​ភាព​ជោគជ័យ​នៃ​ការ​យល់​ដឹង​អំពី​ម៉ាក​ផលិតផល និង​ស្លាក​សញ្ញា​ដែល​មាន​ការ​ទួល​ស្គាល់ ជា​ពិសេស​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទូរគមនាគមន៍ សេវា​ហិរញ្ញវត្ថុ ម្ហូប​អាហារ និង​ភេសជ្ជៈ រួម​ទាំង​ក្រុម​ហ៊ុន​ទទួល​បដិ​សណ្ឋារកិច្ច។ វា​ជា​រឿង​សាមញ្ញ​សម្រាប់​ការ​ធ្វើ​ទីផ្សារ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ផ្តល់​ជូន​ពិសេស។
ក្រុម​ហ៊ុន​ជា​ច្រើន កំពុង​ប្រើ​ប្រាស់​រថយន្ត​ ក្តារ​បិទ​ផ្សាយ និង​កន្លែង​សំខាន់ ដើម្បី​បង្កើន​ការ​ស្គាល់ម៉ាក​ផលិត​ផល​របស់​ខ្លួន។ ក្រៅ​ពី​នោះ ក្រុម​ហ៊ុន​ទាំង​នោះ កំពុង​បណ្តាក់​ទុន​លើ​អគារ និង​ការិយាល័យ​ខ្លួន​ដើម្បី​ផ្សព្វ​ផ្សាយ សញ្ញា​ពាណិជ្ជ​កម្ម​របស់​ខ្លួន​។
ក្រុម​ហ៊ុន​មួយ​ចំនួន កំពុង​បង្កើន​ភាព​ស្មោះ​ត្រង់​របស់​អតិថិជន តាម​រយៈ​កម្ម​វិធី​ផ្តល់​រង្វាន់។ ហាង​កាហ្វេ​ជា​ច្រើន មាន​ការ​ផ្តល់​ជូន​កាត​ដល់​អតិថិជន ដោយ​ឲ្យ​អតិថិជន​ទទួល​ទាន​កាហ្វេ​ម្តង​ដោយ​ឥត​គិត​ថ្លៃ នៅ​ពេល​ពួក​គេ ទិញ​កាហ្វេ​ជា​ច្រើន​ដង។
ភោជនីយដ្ឋាន​មួយ​ចំនួន នឹង​ផ្តល់​អាហារ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។ ចំណែក​ផ្សារ​ទំនើប ក៏​មាន​ផ្តល់​ជូន​ជា Coupon ដែល​មាន​តម្លៃ​ជា​សាច់​ប្រាក់ នៅ​ពេល​ដែល​អតិថិជន​សន្សំ​គ្រប់​ពិន្ទុ។
ការ​ផ្តល់​ជូន​ពិសេស​ពី​ក្រុម​ហ៊ុន​មួយ តាម​រយៈ​ការ​ឧបត្ថម្ភ​ការ​ប្រគំ​តន្ត្រី ឬ​កីឡា ជា​ពិសេស​មួយ​ផ្សេង​ទៀត ដើម្បី​បង្កើន​ភាព​ស្មោះ​ត្រង់​របស់​អតិថិជន​ផង​ដែរ។
អតិថិជន ពិត​ជា​ស្ងើច​សរសើរ​ជា​ខ្លាំង នៅ​ពេល​ទទួល​បាន​អ្វី​ដោយ​ឥត​គិត​ថ្លៃ។ កម្ម​វិធី​ទាំង​នេះ ពិត​ជា​ល្អ​ប្រសើរ​ក្នុង​ការ​រក្សា​ភាព​ស្មោះ​ត្រង់​របស់​អតិថិជន​។
ក្រុម​ហ៊ុន​ជា​ច្រើន បាន​ទទួល​ស្គាល់​ថា ការ​រក្សា​គុណ​ភាព​ខ្ពស់​ និង​ការ​បង្ហោះ​ព័ត៌​មាន​ថ្មី​ៗ​នៅ​លើ​គេហ​​ទំព័រ ជា​កត្តា​សំខាន់។ ថ្វី​បើ​យ៉ាង​នេះ​ក្តី មាន​ក្រុម​ហ៊ុន​ជា​ច្រើន ដែល​មិន​មាន​គេហ​ទំព័រ ហើយ​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត ដែល​មាន​គេហ​ទំព័រ​ហើយ ប៉ុន្តែ​គ្រប់​គ្រង​វា​មិន​បាន​ល្អ មិន​បាន​បង្ហាញ​ព័ត៌មាន និង​ខ្លឹម​សារ​ថ្មី​ៗ និង​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត ឬ​ប្រើ​ប្រាស់​អ៊ីនធឺណិត ដើម្បី​ផ្សព្វ​ផ្សាយ​ផលិតផល​របស់​ខ្លួន​ឡើយ។
ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ កំពុង​កើន​ឡើង។ នេះ​ជា​កត្តា​សំខាន់​ក្នុង​ការ​សម្រេច​បាន​ជោគ​ជ័យ​គួប​ផ្សំ​នឹង​ការ​ចេញ​ សេច​ក្តី​ប្រកាស​ព័ត៌​មាន បទ​សម្ភាស​នាយក​ប្រតិបត្តិ និង​ផ្សាយ​ពាណិជ្ជ​កម្ម។
ទោះ​បី​យ៉ាង​នេះ​ក្តី ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​មិន​មាន​បុគ្គលិក​ច្រើន កំពុង​ប្រើ​ប្រាស់​សិក្ខា​សាលា និង​បទ​បង្ហាញ ដើម្បី​ជា​កម្ម​វិធី​យុទ្ធ​សាស្ត្រ​របស់​ខ្លួន។
ដោយ​សារ​អតិថិជន កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ការ​ប្រកួត​ប្រជែង​ផ្តល់​នូវ​ជម្រើស និង​តម្លៃ​កាន់​តែ​ច្រើន ដូច្នេះ​ការ​ពង្រឹង​យុទ្ធ​សាស្ត្រ​ទីផ្សារ អាច​ជួយ​ឲ្យ​ក្រុម​ហ៊ុន​រស់​រាន​បាន​យូរ​៕CS
លោក Anthony Galliano ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ការ​វិនិយោគ​កម្ពុជា។ អ៊ីមែលៈ anthonygalliano@covenantim.com​

Saturday, December 17, 2011

Your Slideshow Title Slideshow

Your Slideshow Title Slideshow: TripAdvisor™ TripWow ★ Your Slideshow Title Slideshow ★ to United States, United Arab Emirates and Jaipur. Stunning free travel slideshows on TripAdvisor

ម៉ោងលើពិភពលោក