គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។
Showing posts with label វិធីសាស្រ្តស្រាវជ្រាវ. Show all posts
Showing posts with label វិធីសាស្រ្តស្រាវជ្រាវ. Show all posts

Saturday, November 28, 2015

តួសេចក្តីនៃសារណា

តួសេចក្តី ជាផ្នែកមួយកាន់តែមានសារសំខាន់ ព្រោះថាតូសេចក្តី ស្មេរត្រូវអធិប្បាយ ពន្យល់បំភ្លឺ ខ្លឹមសារ អត្ថន័យ រៀបរាប់សាច់រឿងលម្អិត ស៊ីជម្រៅ ។ នៅក្នុងតួសេចក្តីនេះ ស្មេរ លើកយក ទ្រឹស្តីដែលទាក់ទងនឹងប្រធានបទ មកបកស្រាយ ពន្យល់ លើកជាអំណះអំណាង មានទាំង ទស្សនកថា និង បដិទស្សនកថា រិះគន់ទស្សនៈ និងសំយោគទស្សនកថា   រួមទាំងវិធីសាស្រ្តអនុមានញែក អនុមានរួម ប្រកបដោយវិចារណកិច្ច និងតក្កវិជ្ជា។ លើសពីនេះទៅទៀត ស្មេរត្រូវដាក់បង្ហាញពីកិច្ចការស្រាវជ្រាវកើតចេញពីការធ្វើអង្កេត ធ្វើជាពិសោធន៍(ប្រសិនបើមាន) ដោយបង្ហាញលទ្ធផល​រួមទាំងការធ្វើវិភាគ ស្វែងរកមូលហេតុនៃបញ្ហា និងដំណោះស្រាយផងដែរ។

អាស្រ័យហេតុនេះ ការបកស្រាយ បំភ្លឺ យ៉ាងក្បោះក្បាយ ច្បាស់លាស់ ទាមទារស្មេរធ្វើប្លង់លម្អិតឱ្យមានភាពប្រទាក់ ស៊ីសង្វាក់គ្នា ព្រមទាំងតក្កវិជ្ជាផង ។ ការប្រើប្រាស់ចំណងជើងជំពូក ផ្នែក កថាខណ្ឌ ក៏មិនត្រូវ ប្រើប្រាស់ពាក្យច្រំដែល ជាន់គ្នាដដែលៗ ផងដែរ។ 

ការរៀបចំប្លង់លម្អិតក្នុងតួសេចក្តី
ទម្រង់ប្លង់អាចមានរបៀបផ្សេងៗ អាស្រ័យដោយស្មេរមានចំណូលចិត្ត។ នេះជាទម្រង់ប្លង់ខ្លះៗ ។


ទម្រង់ទី១ ជាទម្រង់ ប្រើអក្សរ និងលេខ ( ជំពូក១ ផ្នែក១ កថាខណ្ឌ១ ក ខ )  ដូច្នេះ វាមាន លក្ខណៈល្អម៉្យាងដែលអនុញ្ញាតឱ្យស្មេរធ្វើការបកស្រាយមិនមានការច្រឡំ និង ផ្តល់ដល់មិត្តអ្នកអានងាយយល់ និងងាយចាប់បាននូវខ្លឹមសារដោយងាយស្រួល និងចងចាំបាន។

ជំពូក១……………………………
          ផ្នែក១……………………
                     កថាខណ្ឌ១…………………………
                               ក……………………………
                               ខ……………………………
                     កថាខណ្ឌ២…………………………
                               ក……………………………
                               ខ……………………………
          ផ្នែក២……………………
កថាខណ្ឌ១…………………………
                               ក………………………………
                               ខ………………………………
                     កថាខណ្ឌ២……………………………
                               ក………………………………
                               ខ………………………………
ជំពូក២……………………………
          ផ្នែក១……………………
                     កថាខណ្ឌ១…………………………
                               ក……………………………
                               ខ……………………………
                     កថាខណ្ឌ២…………………………
                               ក……………………………
                               ខ……………………………
          ផ្នែក២……………………
កថាខណ្ឌ១…………………………
                               ក……………………………
                               ខ……………………………
                     កថាខណ្ឌ២…………………………
                              ក…………………………
                              ខ…………………………

   ទម្រង់ប្លង់ទី២ ជាទម្រង់ប្លង់មួយដែលប្រើលេខសុទ្ធសាធ ( ១., ១. ១, ១. ២, …) ដែលមានស្មេរជាច្រើនតែងតែប្រើប្រាស់វា។ ដោយសារតែវាប្រើប្រាស់លេខសុទ្ធទាំងអស់ ដូច្នេះ ទម្រង់នេះនាំឱ្យ មានគុណវិបត្តិមួយចំនួន គឺ វាធ្វើឱ្យស្មេរ និងអ្នកអានមានការច្រឡំ ភាំងភាន់ ពិបាកអាន និងនាំឱ្យម្ចាស់សំណេរងាយភាន់ណាស់ ។
                          
ជំពូក១………………………………
          ១ ១…………………………
                     ១ ១ ១……………
                               ១ ១ ១ ១ ………………
                               ១ ១ ១ ២………………
                     ១ ១ ២……………
                               ២ ១ ១ ១ ………………
                               ២ ១ ១ ២………………

          ១ ២…………………………
                     ២ ១ ១……………
                               ២ ១ ១ ១ ………………
                               ២ ១ ១ ២………………
                     ២ ១ ២……………
                               ២ ១ ២ ១ ………………
                               ២ ១ ២ ២………………        
ជំពូក២………………………………
          ២ ១…………………………
                     ២ ១ ១……………
                               ២ ១ ១ ១ ………………
                               ២ ១ ១ ២………………
                     ២ ១ ២……………
                               ២ ១ ២ ១ ………………
                               ២ ១ ២ ២………………
          ២ ២…………………………
                     ២ ២ ១……………
                               ២ ២ ១ ១ ………………
                               ២ ២ ១ ២………………
                     ២ ២ ២……………
                               ២ ២ ២ ១ ………………
                               ២ ២ ២ ២………………


រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

Friday, November 27, 2015

សេចក្តីផ្តើមនៃសារណា


សេចក្តីផ្តើម ជាទំព័រនាំមុខនៃតួសេចក្តី ។ សេចក្តីផ្តើមប្រៀបបាននឹងមុខផ្ទះ ឬក៏ប្រៀបនឹង វង់ភក្រ្តរបស់មនុស្សយើង ដែលអ្នកដទៃឆាប់ចាប់អារម្មណ៍។ ដូច្នេះ សេចក្តីផ្តើម វាក៏ជាទំព័រទាក់ទាញអ្នកអានឱ្យគេមានការជក់ចិត្តតាមដាននូវអំណានរបស់យើង។ នៅក្នុងសេចក្តីផ្តើមនេះ វាមាន៖
១. លំនាំបញ្ហាៈ ឬ ប្រយោគប្រទាក់ (l’accroche)  
លំនាំបញ្ហានេះជាប្រយោគសំដៅទាក់ទាញអ្នកអាន។វាជាផ្លូវមួយនាំចូលទៅប្រធានបទសារណា។  ស្មេរ អាចចាប់ផ្តើមសំណេរដោយ៖
-     អត្ថបទគតិយុត្ត (រដ្ឋធម្មនុញ្ញា ក្រម ច្បាប់…មាត្រា ណាមួយ)
-     យោងលើព្រឹត្តការណ៍បច្ចុប្បន្នភាពជាក់ស្តែងដែលមានសារៈសំខាន់
-   ឃ្លាប្រយោគជាសុភាសិត ពាក្យស្លោក ឃ្លាសំណេរឬសម្តីរបស់វីរជន ស្ថាប័ន អ្នកប្រាជ្ញ វិទូ     អ្នកជំនាញឯកទេសពិសេសណាមួយ
-    ការសង្កេត ការធ្វើបទពិសោធន៍ ស្តិតិ ។ល។
២ ចំណូលបញ្ហាៈ
​          ចំណូលបញ្ហា ជាការបញ្ចូលប្រធានបទដែលស្មេរបានគិត និងជ្រើសរើសទុកសម្រាប់សរសេរ។ ស្មេរត្រូវបញ្ជាក់ពី កម្មវត្ថុនៃការសិក្សាស្រាវជ្រាវៈ (l’objet de l’étude) អ្នកអានអាចយល់ពីប្រធានដែលស្មេរបានកំណត់ជ្រើសរើស  រួមទាំង ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវៈ (l’intérêt de l’étude)       អ្នកអានអាចយល់ពីផលប្រយោជន៍ដែលស្មេរនឹងធ្វើការបកស្រាយលើប្រធានបទ។
៣. ចំណោទបញ្ហាៈ (la problématique)
ចំណោទបញ្ហា ជាសំណួរដែលស្មេរត្រូវចោទជាចំណោទទាក់ទងនឹងប្រធានបទ ហើយស្មេរត្រូវពន្យល់ បំភ្លឺ បកស្រាយ ដោយបង្ហាញបញ្ហា និងដំណោះស្រាយ។  
តើអ្វីទៅជាចំណោទបញ្ហា?
ចំណោទបញ្ហា គឺជាសិល្បៈនៃការដាក់ជាសំណួរដ៏ប្រសើរ។ ចំណោទបញ្ហានាំមកនូវគំហើញនូវគំនិតលើប្រធានបទហើយផ្តល់ជាអ័ក្សជាមុខព្រួញនៃការស្រាវជ្រាវហើយវាអនុញ្ញាតដល់ការបំភ្លឺបញ្ជាក់នូវអំណះ អំណាងដែលបង្កើតជាផ្លែផ្កានៃការផលិត។
ក. ស្ថាបនាចំណោទបញ្ហា គឺចោទសួរទៅប្រធានបទ (គេត្រូវដាក់ជាសំណួរយ៉ាងណាឱ្យមានលក្ខណៈ សមហេតុសមផលដែលបង្កើតជាការពិភាក្សា)
ខ. បង្កើតចំណោទបញ្ហា គឺបំប្លែងប្រធានបទជាសំណួរ  មានន័យថាៈ
-បំប្លែង បញ្ចូលប្រធានបទចូលក្នុងការពិភាក្សាៈបង្កើតបញ្ជី កម្រងសំណួរដែលប្រធានបទបានលើកឡើង។ គេត្រូវចោទសួរថា តើអ្វីជាផលប្រយោជន៍នៃប្រធានបទ?
-ស្មេរអាចបង្កើតចំណោទបញ្ហាជាប្រយោគមួយដែលប្រមូលផ្តុំនូវសំណួរទាំងឡាយដែលប្រធានបទបានលើកឡើង។​
៤. ប្រកាសប្លង់ៈ(l’annonce de plan)
ដើម្បីធ្វើការបកស្រាយ អធិប្បាយពីខ្លឹមសារនៃសាច់រឿង ស្មេរត្រូវដាក់បង្ហាញ ប្លង់មេ ជាជំពូកចំនួន​២ ឬ ៣ (២ជំពូកជាប្លង់ល្អប្រសើរជាង៣) ដល់មិត្តអ្នកអាន ដើម្បីដឹងជាមុនថាស្មេរ មានគោលគំនិតធំៗអ្វីខ្លះ?( ការបង្កើតជំពូកកាន់តែច្រើន នោះសំណេររបស់ស្មេរ មិនគាប់ប្រសើរទេ។ ដូច្នេះស្មេរ គួរតែជៀសវាង)។
កំណត់សម្គាល់ៈ ស្មេរកុំភ្លេចប្រាប់អ្នកអាននៅក្នុងសេចក្តីផ្តើមនេះ ថា ស្មេរជ្រើសរើសយកវិធីសាស្រ្តណាខ្លះយកមកធ្វើការបកស្រាយ ដូចជា វិធីសាស្រ្តគុណភាពវិស័យ (qualitative) ឬ/និង វិធីសាស្រ្តបរិមាណវិស័យ(quantitative) និង/ឬ វិធីសាស្រ្តរងផ្សេងៗទៀត ។  
លើសពីនេះទៅទៀត ស្មេរ កុំភ្លេច ការប្រើប្រាស់ ឃ្លាភ្ជាប់សេចក្តី ពីសេចក្តីផ្តើមទៅតួសេចក្តី ក៏ដូចពីតួសេចក្តីទៅសេចក្តីសន្និដ្ឋានផងដែរ។


រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

ចំនុចសម្គាល់មួយចំនួនសម្រាប់សរសេរសារណា( Mémoire)


សារណា ជា ប្រភេទឯកសារមួយបែបជាកិច្ចការសំណេរដែលនិស្សិតបញ្ចប់ឆ្នាំសិក្សាចងក្រងរៀបរៀងតាក់តែងឡើង និងការពារ លើប្រធានបទមួយ ដើម្បីបញ្ជាក់ពីសមត្ថភាពចំណេះដឹងចំណេះធ្វើ ក្រោយពីពួកគេបានសិក្សាជាច្រើនឆ្នាំមក(បរិញ្ញាបត្រ ៤ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់ ២ឆ្នាំ)  លើវិស័យណាមួយ ហើយត្រូវបានគណៈកម្មការពិនិត្យ វាយតម្លៃ ផ្តល់ជាពិន្ទុ និទ្ទេស សម្រាប់ផ្តល់សញ្ញាបត្រដល់និស្សិតដែលបានសិក្សាលើជំនាញ ឬកម្រិតណាមួយ។ សារណាមាន សារណាសម្រាប់កម្រិតបរិញ្ញាបត្រ និងសារណាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ។

១.ប្រភេទសារណា
តើសារណាមានប្រភេទបែបណាខ្លះ?
១. ១. គន្ថរចនាសារណា ( le mémoire-compilation)
និស្សិតជ្រើសរើសប្រធានបទសិក្សាស្រាវជ្រាវមួយ ដោយប្រមូលផ្តុំទៅលើចំនុចសំខាន់នៃទ្រឹស្តីដែលធ្វើការបកស្រាយទៅលើចំណោទបញ្ហា។ និស្សិតធ្វើការវិភាគនិងធ្វើការបង្ហាញបកស្រាយរិះគន់ ។ការខិតខំប្រឹងប្រែងរបស់និស្សិតផ្តោតទៅលើការបង្ហាញសមត្ថភាពយល់ដឹងពីការងារដែលពួកគេបានធ្វើ យល់ដឹងពីសញ្ញានីយការណ៍(ការដឹងដោយវិញ្ញាណ)នៃទស្សនៈផ្សេងៗ និងយល់ដឹងពីសិល្បៈនៃបទបង្ហាញពីស្ថានភាពលើការពិភាក្សាដោយបញ្ជាក់ពីឥរិយាបទផ្ទាល់ខ្លួន។
១. ២. សារណាស្រាវជ្រាវ( le mémoire-recherche)
 និស្សិត សិក្សា ស្រាវជ្រាវលើប្រធានបទថ្មីមួយ ឬ ប្រធានបទរុករកគំហើយខ្លះៗ ។ ប្រភេទសារណានេះ  តម្រូវឱ្យមានការដំណើរការធ្វើអង្កេតលក្ខណៈជាសារជាតិ ជានិច្ចកាល ជាការស្រាវជ្រាវសម្អាង លើការពិសោធន៍ ។ និស្សិតត្រូវចុះទៅទីកន្លែងស្រាវជ្រាវផ្ទាល់ ។
១. ៣. សារណាវិភាគលើបទពិសោធន៍( le mémoire-analyse d’éxpérences)
សារណាបែបនេះ វាស្ថិតនៅក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជាន់ខ្ពស់នៅពេលដែលនិស្សិត​បានប្រតិបត្តិនូវកម្មសិក្សា  ឬក៏និស្សិតធ្លាប់មានបទពិសោធន៍ក្នុងសកម្មភាពការងារណាមួយ ។  សារណាប្រភេទនេះ សង្កត់ធ្ងន់ទៅលើការបង្ហាញពីបទពិសោធន៍​ ការធ្វើការវិភាគ ជានិច្ចកាលទៅលើការធ្វើការប្រៀបធៀបជាមួយការងារដែលមានសកម្មភាពស្រដៀងគ្នា ។ ជាញឹកញាប់ សារណាទម្រង់នេះ បើកច្រកទៅរកការតាក់តែងជាសំណើដោយផ្តល់ទៅលើការតាមដាន អង្កេត ហើយថែមទាំង តម្រង់ទិសទៅលើសកម្មភាពការងារ។

 ២.តើយើងត្រូវជ្រើសរើសប្រភេទប្លង់ណាមួយ?
ប្លង់សារណាអាចប្រែប្រួលទៅតាមប្រធានសារណា ទៅតាមវិស័យនីមួយៗ ។ ប្លង់រៀបចំយ៉ាងណាឱ្យមានទំនាក់ទំនងនឹងប្រធាន ចំណោទបញ្ហា ។ ​នេះជាប្រភេទប្លង់មួយចំនួនដែលយើងអាចយកមកប្រើប្រាស់ៈ

ប្រភេទប្លង់
វិធីសាស្រ្ត
ប្លង់កាលប្រវត្តិវិទ្យា
ធ្វើការរៀបតាមកាលបរិច្ឆេទ តាមជំនាន់ សម័យកាលដោយរៀបចំឱ្យមានលក្ខណៈបញ្ជាក់យ៉ាងច្បាស់លាស់
ប្លង់តាមទិដ្ឋភាពនិងលក្ខណៈវិនិច្ឆ័យ
ជម្រើសនៃជ្រុងមួយចំនួនដែលប្រធានបទខិតជិត នៅកៀកក្បែរ
ប្លង់បែបទស្សនៈ
បង្ហាញរាល់ទស្សនៈ គំនិត យោបល់
ប្លង់ពណ៌នា
ពណ៌នាតាមផ្នែកនីមួយៗ
ប្លង់ប្រៀបធៀប
បង្ហាញភាពដូច និងភាពខុសគ្នា
ប្លង់ពិភាក្សា
បញ្ជាក់ជា២ផ្នែកៈបញ្ជាក់ពី គំនិតស្រប និងគំនិតជំទាស់
ប្លង់វិចារវិទ្យា
ពន្យល់ជា៣ផ្នែកៈទស្សនកថា បដិទស្សនកថា និង សំយោគទស្សនកថា
ប្លង់វិទ្យាសាស្រ្ត
ហេតុការណ៍  សម្មតិកម្ម ការពិនិត្យផ្ទៀងផ្ទាត់សម្មតិកម្ម  ដំណោះស្រាយ
ប្លង់វេជ្ជវិនិច្ឆ័យ
បញ្ហា វិភាគស្ថានភាព ស្រាវជ្រាវដំណោះស្រាយ និងធ្វើការសម្រេច
ប្លង់ (SOSRA)
ស្ថានភាព សង្កេត អារម្មណ៍ ការគិតពិចារណា សកម្មភាព
ប្រភពៈEckenschwiller,M.,L’Ecrit universitaire,Les Editions d’Organisation, 1994,p47.

 ៣.ត្រូវជៀសវាងការប្រើប្រាស់ បុរិសសព្វនាមៈ  ខ្ញុំ   យើង   គេ
សំណេរ សារណា និក្ខេបទ ត្រូវតែ ប្រកាន់យក អបុគ្គលិកលក្ខណៈ មិនចំពោះនរណាម្នាក់ មិនមែនជារបស់នរណាម្នាក់ឡើយ ។
 ការប្រើប្រាស់ បុរិសសព្វនាម ខ្ញុំ  វាហាក់ដូចជា ក្រអឺតក្រទម អំណួតអួតអាង និង មានលក្ខណៈ     មជ្ឈត្តិកៈ(ដែលគិត និយម ថា ខ្លួនជាអ្នកឆ្នើមក្នុងលោក)។ ម៉្យាងវិញទៀត  ការប្រើពាក្យ ខ្ញុំ នេះ វាពិតជាគ្រោះថ្នាក់ ពីព្រោះថា អ្នកសរសេរសារណា និក្ខេបទ ប្រឈមនឹងការបញ្ចូល ទាញយកគំនិត ទស្សនៈ យោបល់របស់អ្នកដទៃដែលគំនិតទាំងនោះ វាមិនមែនជារបស់អ្នកសរសេរឡើយ វាជា សម្តី គំនិតដែលរៀមច្បង អ្នកសរសេរជំនាន់ចាស់ គេបានសរសេរទុក មុនអ្នកសរសេរទៅទៀត។
ការប្រើប្រាស់នូវ សព្វនាមបុរិសៈ យើង ក៍ត្រូវជៀសវាងផងដែរ ។
 ពាក្យ គេ មានលក្ខណៈអបុគ្គលិកលក្ខណៈមែន តែវា ទូលំទូលាយណាស់ ​វាផ្តល់នូវចំណាប់អារម្មណ៍មួយដែលមានភាពមិនច្បាស់លាស់ ។
អាស្រ័យហេតុនេះ អ្នកសរសេរត្រូវជៀសវាង ការប្រើពាក្យ  ខ្ញុំ យើង គេ  ។
ឧទាហរណ៍ ឃ្លាត្រូវជៀសវាងៈ ខ្ញុំ​ (យើង) បានកំណត់ទំហំផ្ទៃដី៣ហិតា។
               អ្នកត្រូវសរសេរៈ ទំហំផ្ទៃដីត្រូវបានកំណត់៣ហិតា។  



រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

ម៉ោងលើពិភពលោក