គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Saturday, February 13, 2016

សំណួរ ចម្លើយជ្រើសរើស

ចូរអ្នកជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១. វត្ថុ ជា៖

ក. បុគ្គល
ខ. ទ្រព្យ
គ. របស់ជាសម្ភារៈ

២. វត្ថុរួម៖

ក. ជាវត្ថុដែលយើងទាំងអស់គ្នាជាម្ចាស់
ខ. ជាវត្ថុគ្មានម្ចាស់
គ. ជាវត្ថុដែលមានម្ចាស់ជានីតិបុគ្គល

៣. ទ្រព្យជា៖

ក. សិទ្ធិ
ខ. វត្ថុ
គ. បុគ្គល

៤. បេតិកភណ្ឌមានអត្តសញ្ញាណជា៖

ក. ទ្រព្យសកម្ម
ខ. ទ្រព្យអកម្ម
គ. ទ្រព្យ

៥. លក្ខណៈវិនិច្ឆ័យនៃអត្តសញ្ញាណកម្មលើទ្រព្យជា៖

ក. អត្ថប្រយោជន៍
ខ. តម្លៃ
គ. ថាមពល
ឃ. ភាពអាចរឹបអូសបាន

៦. ចលនទ្រព្យជា៖

ក. ទ្រព្យចល័ត
ខ. ទ្រព្យនឹងថ្កល់
គ. ទ្រព្យអចល័ត

៧. ត្រាក់ទ័រនៃកសិដ្ឋានមួយជា៖

ក. ចលនទ្រព្យពីកំណើត
ខ. អចលនទ្រព្យតាមភព្វវាសនា
គ. ចលនទ្រព្យតាមការកំណត់របស់ច្បាប់
រៀបរៀងដោយៈ លោក ជិន វណ្ណារ៉ា

Sunday, January 17, 2016

រឿងក្តីអនុវត្ត (cas pratique / case study)

ផាណាផាត់ ជាអ្នកព័ត៌មានវិទ្យា និងជាកីឡាករល្បីខាងជិះសេះប្រណាំង មកជួបអ្នកដើម្បីរាប់រៀបពីបញ្ហាគតិយុត្តដែលគាត់ជាជនរងគ្រោះក្នុងជីវិតឯកជន និងជីវិតការងាររបស់គាត់។
ផាណាផាត់ បានចូលរួមជាច្រើនឆ្នាំមកហើយ ក្នុងការប្រកួតជិះសេះប្រណាំង ហើយគាត់តែងតែទទួលបាន ជានិច្ចកាល នូវលទ្ធផលប្រសើរជាទីពេញចិត្ត។  គាត់មានបំណងទិញសេះមួយក្បាល គាត់បានទាក់ទងលោក ទីយ៉ារ៉ាក់ ដែលជាម្ចាស់សេះម្នាក់ បានផ្សព្វផ្សាយដំណឹងលក់សេះ ឈ្មោះមហៈពលៈ ក្នុងក្លិបរបស់គាត់ ដោយសារតែសកម្មភាព មុខរបរ របស់គាត់ មមាញឹក លែងមានពេលវេលាសម្រាប់កីឡាប្រណាំងសេះតទៅទៀតហើយ ។ ម៉្យាងទៀត សេះនោះជាសេះមានដើមកំណើតពីប្រទេសអាល្លឺម៉ង់​ហើយមានអាយុ១០ឆ្នាំ ។
          ម្ចាស់សេះ ទីយ៉ារ៉ាក់ បានប្រាប់ទៅ ផាណាផាត់ ថា សេះរបស់គាត់ជាសេះមានសមត្ថភាពឧត្តមប្រសើរកន្លង ងាយផ្សាំងណាស់ ប៉ុន្តែសេះនេះ វាមានចរឹតពិបាក។ ​នៅខណៈនោះ លោកផាណាផាត់ ក៏បានទិញសេះនោះក្នុងថ្លៃ ៥០០០ ដុល្លារ​ ដែលមើលទៅជាតម្លៃសមគួរផងដែរសម្រាប់សេះអាយុប៉ុណ្ណឹង ព្រមទាំង​ជាសេះមានប្រភពល្អពីអាល្លឺម៉ង់ និងងាយផ្សាំងបង្វឹក។
មហៈពលៈបានបង្ហាញចរឹតមិនធម្មតាកាលពីដំបូង ប៉ុន្តែ ផាណាផាត់​  បានទទួលជោគជ័យគ្រប់គ្រង មហៈពលៈ  ហើយ ៦ខែក្រោយពីការទិញមក ផាណាផាត់ បានចូលរួមប្រកួតជិះសេះប្រណាំង។ ក៏ប៉ុន្តែ នៅខណៈពេលប្រកួតនោះ មហៈពលៈបានប្រែចរឹត ក្លាយជា កាចសាហាវ ហើយ ផាណាផាត់ មិនអាចបន្តប្រកួតបានទេ​។ ដូច្នេះ អាជ្ញាកណ្តាលនៃការប្រកួត បានប្រាប់ទៅ ផាណាផាត់ ថា មហៈពលៈមាន ទំលាប់កាចបែបហ្នឹង ហើយប្រសិនបើ វាត្រូវផ្សាំងបង្វឹកឱ្យមានចរឹតត្រឹមត្រូវ នោះមហៈពលៈ នៅតែជានិច្ចកាល មិនដូរចរឹត ហើយមិនអាចចូលរួមប្រកួតបានទេ។ ផាណាផាត់ ចាប់ផ្តើមមានការក្រេវក្រោធ ខឹង ពីព្រោះថាគាត់ទិញ មហៈពលៈមកក្នុងគោលបំណងចូលរួមប្រកួត។
​តើ ផាណាផាត់ អាចទទួលបាននូវការលុបចោលកិច្ចសន្យាលក់-ទិញដែរឬទេ?
          ម៉្យាងវិញទៀត ផាណាផាត់ ត្រូវបានក្រុមហ៊ុន ស៊ូម៉ាត្រាតិចណូ ទទួលយកមកធ្វើការ នៅខែមិនា ឆ្នាំ២០១២ ដោយធ្វើជាកិច្ចសន្យាការងារមានថិរវេលាកំណត់សម្រាប់រយៈពេលមួយឆ្នាំ ដោយទទួល ឋានៈជាវិស្វករផ្នែកព័ត៌មានវិទ្យា ដោយមានប្រាក់ខែ ៣៥០០ ដុល្លារក្នុងមួយខែ និងទទួលបានរថយន្តមួយគ្រឿងសម្រាប់មុខតំណែងនេះ។
ហេតុដូច្នេះហើយ លោក ផាណាផាត់ ប៉ាន់ស្មានបានថា ស្ថានភាពហិរញ្ញវត្ថុរបស់គាត់   អាចធានាបាន សម្រាប់​គាត់ ចុះកិច្ចសន្យាខ្ចីប្រាក់ពីធនាគារ ដើម្បីទិញផ្ទះមួយ ។
នៅខែមេសា ឆ្នាំ២០១៣ នៅពេលដែលកិច្ចសន្យាការងារដំបូងត្រូវបានផុតកំណត់ និយោជករបស់  ផាណាផាត់ បានផ្តល់ជាសំណើ ជាកិច្ចសន្យាថ្មី ដែលមានលក្ខខណ្ឌបាត់ អត្ថប្រយោជន៍កាន់តែច្រើនៈ ប្រាក់ខែត្រូវបានបន្ថយ ១០០០ដុល្លារ ក្នុងមួយខែ ហើយកិច្ចការថ្មីនេះ ជាការងារភ្ជាប់ជាមួយបំលាស់ ប្តូរទីតាំង គឺមានការចុះតាមខេត្តនានា ក្នុងមួយខែ២ដងទៀតផង ចំណែកឯ  រថយន្តសម្រាប់បំពេញមុខងារ ក៏ត្រូវដកវិញដែរ តាមកិច្ចសន្យាថ្មីនេះ។ ទោះបីមានស្ថានភាពបាត់បង់ អត្ថប្រយោជន៍យ៉ាងច្រើនបែបនេះក៏ដោយ ដោយគិតថា ខ្លួនមានការជាប់បំណុលធនាគារផងនោះ ផាណាផាត់ ក៏យល់ព្រមសុខចិត្តទទួលយកកិច្ចសន្យាការងារថ្មីនោះផងដែរ។
          មកដល់សព្វថ្ងៃ ផាណាផាត់ ដឹងខ្លួនថាមាន ការភាន់ច្រឡំ ហើយថែមទាំងមាន ការខឹងថែមទៀត ដោយសារតែ ក្រុមហ៊ុន ស៊ូម៉ាត្រាតិចណូ ដឹងយ៉ាងច្បាស់ណាស់ថា ខ្លួនកំពុងជួបនឹងស្ថានភាព  ហិរញ្ញវត្ថុបែបនេះ នៅពេលដែលធ្វើ កិច្ចសន្យាថ្មី ហើយក្រុមហ៊ុនបានឆ្លៀតឱកាសពីស្ថានភាពហ្នឹង។ តើ ផាណាផាត់អាចធ្វើដូចម្តេចទៅ?

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

Friday, January 1, 2016

ម្ភៃប្រាំបី ធ្នូ ទិវានក្ខត្តប្ញក្ស ញញឹមទាំងព្រឹក ថ្ងៃទទួលសញ្ញាបត្រ


បទពាក្យ ៨
មិគសិរ ជំនោរ ព្រឹកព្រលឹម 
ភក្រ្តញញឹម ត្រេកអរ រីករាយក្រៃ
ម្ភៃប្រាំបី ខែធ្នូ ក្តីស្រមៃ
ដែលជាថ្ងៃ ទទួល សញ្ញាបត្រ។
យុវជន និស្សិត យុវតី
ទាំងប្រុសស្រី អបអរ មិនស្ងៀមស្ងាត់
នៅកោះពេជ្រ វាយោ បក់រសាត់
ពពកផាត់ នាំមក ជំនួបគ្នា។
ឆ្នាំពីរពាន់ ដប់ប្រាំ នក្ខត្តប្ញក្ស
នាពេលព្រឹក រំលឹក ថ្ងៃទិវា
សែនសាទរ អំណរ មិត្តមីងមា
ជាវេលា រំភើប ឥតឧបមា។
មួកអាវខោ សំពត់ តុបតែងកាយ
មិត្តទាំងឡាយ ជួបជុំ សាស្រ្តាចារ្យ
អ្នកខ្លះមក ជាមួយ មិត្តម៉ាក់ប៉ា
មានបាច់ផ្កា ក្រពុំ គួរស្នេហ៍ស្និទ្ធ។
ក្រោយពីពេល សម្តេច តេជោថ្លែង
ស្តីតាក់តែង ខ្លឹមសារ យ៉ាងជាប់ចិត្ត
ជ័យលាភី សប្បាយ ថតរូបផ្តិត
ខ្លះកៀកកិត ភឿនភក្រ្ត មិត្តភក្តី។
មួយឆ្នាំម្តង ជាថ្ងៃ ឱឡារិក
មិនជាញឹក ជុំជួប មិត្តប្រុសស្រី
គិតនាំគ្នា កំសាន្ត ស្តាប់តន្រ្តី
ដល់រាត្រី អាធ្រាត្រ គិតបែកគ្នា។


សំណេរលើបណ្តាញសង្គម(Social Network)

បទពាក្យ ៧

ទ្វីបលោកទាំងប្រាំ ឃ្លាតសែនឆ្ងាយ 
តែសារទាំងឡាយ ឆាប់រហ័ស
ពីជំនាន់មុន យូរថ្ងៃណាស់
តែឥលូវច្បាស់ លឿនយ៉ាងឆាប់។
ទ្វីបអាម៉េរិក ទ្វីបអាស៊ី
សារឆ្លងវក់វី ងាយឆក់ចាប់
ហើរចូលអ៊ឺរ៉ុប ពិតបានប្រាប់
សៀងសូរសណ្តាប់ សព្ទឆ្លើយឆ្លង។
ហ្វេសប៊ុក ( facebook) ទ្វីតធ័រ( twitter) ប្លក(blog) ព័ត៌មាន
អស់លោកស្មេរស្មៀន ប្រាថ្នាប៉ង់
ផ្សព្វផ្សាយដំណឹង ច្រើនកន្លង
សាសព្ទប្អូនបង រយពាន់លាន។
បណ្តាញសង្គម យើងសព្វថ្ងៃ
ពិតច្រើនក្រាស់ក្រៃ ដែលកើតមាន
អក្ខរាថ្លាថ្លែង សព្វកោះកៀន
មានខ្លះបំពាន សិទ្ធិមនុស្ស។
វាចាហោះហើរ ថ្លែងចរចា
មានផ្លែមានផ្កា រីករោយរុះ
ស្មេរខ្លះនិពន្ធ ចាក់ទម្លុះ
ឆ្កឹះឆ្កៀលវះពុះ ថ្លើមប្រមាត់។
មនុស្សមានសិទ្ធិ គ្រប់អាត្មា
ច្បាប់ក្បួនមាត្រា មិនបានបាត់
ផ្លូវកាយផ្លូវចិត្ត កុំចូលកាត់
យើងត្រូវប្រយ័ត្ន អ្នកដទៃ
កេរ្តិ៍ឈ្មោះកិត្តិយស តួនាទី
ត្រូវគិតសំភី ចេះលកលៃ
សំណៅសំណេរ គិតរំពៃ
រវៀសរវៃ គិតសឹមគូរ។
មិត្តអើយៗមិត្ត មិត្តទាំងឡាយ
ទោះបីនៅឆ្ងាយ មាមីងពូ
សៀងសព្ទ បញ្ជូន មិនជាយូរ
ទុកដាក់ក្នុងទូ តាមអនឡាញ។
សម័យហ្វេសប៊ុក សព្ទសៀងសូរ
មានខ្លះកកូរ ពិតស្មុគ្រស្មាញ
ខូមិន( comment) ផុស (post) ស្យែ (share) មានបណ្តាញ
រាយចាក់ចងត្បាញ គ្រប់កន្លែង។
ថ្លែងថ្លាដំណឹង បរិហារ
ឆ្លងឆ្លើយវាចា ដែលសម្តែង
មានក្រឹត្យក្រមច្បាប់ ពិតបានចែង
អ្នកត្រូវចេះក្រែង រអែងផង។
ទុក្ខទោសព្រហ្មទណ្ឌ រដ្ឋប្បវេណី
មានក្រមទាំងពីរ បានចងក្រង
សំណងជួសជុល ណាប្អូនបង
មាត្រាបានចង ជាស្រេចហើយ។

ប្រភពរូបភាពៈ topictray.com/ www.business2community.com




Friday, December 18, 2015

រឿងក្តីអនុវត្ត(case study/ cas pratique)


ពូសួនបានមកពិគ្រោះយោបល់ជាមួយអ្នកលើបញ្ហាសុពលភាពនៃកិច្ចមួយចំនួន(actes)ដែលគាត់បានបង្កើតកន្លងមកនេះ។

នៅខែមុនកន្លងមក  គាត់បានលក់ម៉ាស៊ីនថតមួយគ្រឿង្យទៅមិត្តរួមការងារជាមួយម្នាក់  ក្នុងថ្លៃ៥០០ដុល្លារ ។ ​កិច្ចសន្យាបានបង្កើត នៅអាហារដ្ឋាននៃសហគ្រាសធ្វើការរបស់អ្នកទាំងពីរ ប៉ុន្តែ មិនបានធ្វើជាលាយលក្ខណ៍អក្សរអ្វីទេ ។ អ្នកទិញបានព្រមព្រៀងដោយផ្ទាល់មាត់។ ប៉ុន្តែ មកដល់ពេលនេះ គាត់បានផ្លាស់ប្តូរចិត្ត។ លោកពូសួនមានការខឹងសម្បារ ពីព្រោះគាត់យល់ថា ការលក់បានធ្វើរួចរាល់ស្រេចហើយ ។

នៅឆ្នាំ២០១៣ កូនប្រុសរបស់ពូសួន ឈ្មោះ សាន​មានបំណង  ទិញផ្ទះ មួយល្វែង ។ ដើម្បីជួយកូនគាត់ ពូសួន បានធ្វើប្រទានកម្មផ្ទាល់ដៃ នូវចំនួនទឹកប្រាក់ ៣ម៉ឺនដុល្លារ ។ ថែមលើសនេះទៅទៀត សាន ត្រូវខ្ចីលុយពីធនាគារ ចំនួន៨ម៉ឺនដុល្លារ ។ ពូសួនធ្វើជាអ្នកធានា ក្នុងរឿងកម្ចីនេះ បានធ្វើជា កិច្ចសន្យា ជាលាយលក្ខណ៍អក្សរ នូវចំនួនទឹកប្រាក់ធានា នៅទីស្នាក់ការធនាគារ។ ​លើសពីនេះទៅទៀត ធនាគារខ្លាចក្រែង ប្រាតិភោគនេះ មិនគ្រប់គ្រាន់បានទទួលពីសាននូវការសន្យាហ៊ីប៉ូតែក លើផ្ទះត្រូវទិញ។ បច្ចុប្បន្ន សាន កំពុងជួបវិបត្តិហិរញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរ ហើយឪពុករបស់គាត់ ក៏មានការភិតភ័យពី ការចូលខ្លួនទៅជំនួសកូនក្នុងរឿងសងជួសនូវប្រាក់កម្ចីរបស់កូន។

សំគាល់ៈ ចំណោទដែលបានចោទជាសំណួរសម្រាប់លំហាត់នេះ ត្រូវបានផ្តោតទៅលើ បញ្ហាទម្រង់ ឬបញ្ហាភស្តុតាង និងទ្រឹស្តីទូទៅនៃកិច្ចសន្យា។ វិធានទាំងឡាយដែលមានទំនាក់ទំនងនឹងភស្តុតាង ដែលបានរៀននៅឆ្នាំទី១ ត្រូវបានសន្មតថា បានរៀនរួចហើយ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា


Friday, December 11, 2015

សំណួរនីតិកិច្ចសន្យា

1.ដូចម្តេចដែលហៅថាកិច្ចសន្យាព្រមព្រៀង? ចូរលើកឧទាហរណ៍មកបញ្ជាក់។
2.ដូចម្ដេចដែលហៅថាកិច្ចសន្យាភណ្ឌិក(ប្រត្យក្ស)? ចូរលើកឧទាហរណ៍មកបញ្ជាក់។
3.ដូចម្តេចដែលហៅថាកិច្ចសន្យាឱឡារិក? ចូរលើកឧទាហរណ៍មកបញ្ជាក់។
4.ដូចម្តេចដែលហៅថាកិច្ចសន្យាសជ្ជកម្ម? ចូរលើកឧទាហរណ៍មកបញ្ជាក់។
5.ដូចម្តេចដែលហៅថាកិច្ចសន្យាចរចា(ស្រុុះស្រួល)? ចូរលើកឧទាហរណ៍មកបញ្ជាក់។
6.ដូចម្ដេចដែលហៅថាកិច្ចសន្យាតាមបញ្ញត្តិច្បាប់? ចូរលើកឧទាហរណ៍មកបញ្ជាក់។
7.ដូចម្ដេចដែលហៅថាកិច្ចសន្យាឯកតោភាគី? ចូរលើកឧទាហរណ៍មកបញ្ជាក់។
8.ដូចម្ដេចដែលហៅថាកិច្ចសន្យាអញ្ញមញ្ញ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
9.ដូចម្ដេចដែលហៅថាកិច្ចសន្យាមូលា? ចូរលើកឧទាហរណ៍មកបញ្ជាក់។
10.ដូចម្ដេចដែលហៅថាកិច្ចសន្យាមុធា? ចូរលើកឧទាហរណ៍មកបញ្ជាក់។
11.ដូចម្ដេចដែលហៅថាកិច្ចសន្យាមិនទៀង? ចូរលើកឧទាហរណ៍មកបញ្ជាក់។
12.ដូចម្ដេចដែលហៅថាកិច្ចសន្យាទៀងឬកិច្ចសន្យាដូរ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
13.ដូចម្ដេចដែលហៅថាកិច្ចសន្យាបន្តបន្ទាប់? ចូរលើកឧទាហរណ៍មកបញ្ជាក់។
14.ដូចម្ដេចដែលហៅថាកិច្ចសន្យាមិនបន្តបន្ទាប់ ឬ កិច្ចសន្យាភ្លាមៗ?
ចូរលើកឧទាហរណ៍មកបញ្ជាក់។
15.ដូចម្ដេចដែលហៅថាកិច្ចសន្យាមានឈ្មោះ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
16.ដូចម្ដេចដែលហៅថាកិច្ចសន្យាគ្មានឈ្មោះ? ចូរលើកឧទាហរណ៍មកបញ្ជាក់។

Wednesday, December 2, 2015

សំណួរមេរៀន នីតិកាតព្វកិច្ច


១.ដូចមេ្តចដែលហៅថាកិច្ចសន្យាឱឡារិក?ចូរឲ្យឧទាហរណ៍។
២.ដូចមេ្តចដែលហៅថាកិច្ចសន្យាប្រត្យក្ស(ភណ្ឌិក) ? ចូរឲ្យឧទាហរណ៍។
៣.ចូរអ្នកពន្យល់ពីគោលការណ៍ព្រមព្រៀងនិយម?
៤.ចូរអ្នកបកស្រាយពីគោលការណ៍នៃទ្រឹស្ដីស្វ័យភាពនៃឆន្ទៈ?
៥.នៅពេលប្រលង ប្រធានបទមួយស្តីពីសេរីភាពក្នុងការចុះកិច្ចសន្យា
តើអ្នកបកស្រាយពីចំណុចអ្វីខ្លះ?
៦.តើការកំណត់ខ្លឹមសារ អត្ថន័យនៃកិច្ចសន្យាមានចែងក្នុងមាត្រាណានៃអត្ថបទគតិយុត្ត:
ក. ខ្មែរ
ខ. បារាំង
៧.ចូរអ្នកសូត្រមាត្រាទាំងនេះ(មាត្រាទាក់ទងសំណួរទី៦)។

Saturday, November 28, 2015

តួសេចក្តីនៃសារណា

តួសេចក្តី ជាផ្នែកមួយកាន់តែមានសារសំខាន់ ព្រោះថាតូសេចក្តី ស្មេរត្រូវអធិប្បាយ ពន្យល់បំភ្លឺ ខ្លឹមសារ អត្ថន័យ រៀបរាប់សាច់រឿងលម្អិត ស៊ីជម្រៅ ។ នៅក្នុងតួសេចក្តីនេះ ស្មេរ លើកយក ទ្រឹស្តីដែលទាក់ទងនឹងប្រធានបទ មកបកស្រាយ ពន្យល់ លើកជាអំណះអំណាង មានទាំង ទស្សនកថា និង បដិទស្សនកថា រិះគន់ទស្សនៈ និងសំយោគទស្សនកថា   រួមទាំងវិធីសាស្រ្តអនុមានញែក អនុមានរួម ប្រកបដោយវិចារណកិច្ច និងតក្កវិជ្ជា។ លើសពីនេះទៅទៀត ស្មេរត្រូវដាក់បង្ហាញពីកិច្ចការស្រាវជ្រាវកើតចេញពីការធ្វើអង្កេត ធ្វើជាពិសោធន៍(ប្រសិនបើមាន) ដោយបង្ហាញលទ្ធផល​រួមទាំងការធ្វើវិភាគ ស្វែងរកមូលហេតុនៃបញ្ហា និងដំណោះស្រាយផងដែរ។

អាស្រ័យហេតុនេះ ការបកស្រាយ បំភ្លឺ យ៉ាងក្បោះក្បាយ ច្បាស់លាស់ ទាមទារស្មេរធ្វើប្លង់លម្អិតឱ្យមានភាពប្រទាក់ ស៊ីសង្វាក់គ្នា ព្រមទាំងតក្កវិជ្ជាផង ។ ការប្រើប្រាស់ចំណងជើងជំពូក ផ្នែក កថាខណ្ឌ ក៏មិនត្រូវ ប្រើប្រាស់ពាក្យច្រំដែល ជាន់គ្នាដដែលៗ ផងដែរ។ 

ការរៀបចំប្លង់លម្អិតក្នុងតួសេចក្តី
ទម្រង់ប្លង់អាចមានរបៀបផ្សេងៗ អាស្រ័យដោយស្មេរមានចំណូលចិត្ត។ នេះជាទម្រង់ប្លង់ខ្លះៗ ។


ទម្រង់ទី១ ជាទម្រង់ ប្រើអក្សរ និងលេខ ( ជំពូក ផ្នែក កថាខណ្ឌ ក ខ )  ដូច្នេះ វាមាន លក្ខណៈល្អម៉្យាងដែលអនុញ្ញាតឱ្យស្មេរធ្វើការបកស្រាយមិនមានការច្រឡំ និង ផ្តល់ដល់មិត្តអ្នកអានងាយយល់ និងងាយចាប់បាននូវខ្លឹមសារដោយងាយស្រួល និងចងចាំបាន។

ជំពូក១……………………………
          ផ្នែក១……………………
                     កថាខណ្ឌ១…………………………
                               ក……………………………
                               ខ……………………………
                     កថាខណ្ឌ២…………………………
                               ក……………………………
                               ខ……………………………
          ផ្នែក២……………………
កថាខណ្ឌ១…………………………
                               ក………………………………
                               ខ………………………………
                     កថាខណ្ឌ២……………………………
                               ក………………………………
                               ខ………………………………
ជំពូក២……………………………
          ផ្នែក១……………………
                     កថាខណ្ឌ១…………………………
                               ក……………………………
                               ខ……………………………
                     កថាខណ្ឌ២…………………………
                               ក……………………………
                               ខ……………………………
          ផ្នែក២……………………
កថាខណ្ឌ១…………………………
                               ក……………………………
                               ខ……………………………
                     កថាខណ្ឌ២…………………………
                              ក…………………………
                              ខ…………………………

   ទម្រង់ប្លង់ទី២ ជាទម្រង់ប្លង់មួយដែលប្រើលេខសុទ្ធសាធ ( ១.,.,., …) ដែលមានស្មេរជាច្រើនតែងតែប្រើប្រាស់វា។ ដោយសារតែវាប្រើប្រាស់លេខសុទ្ធទាំងអស់ ដូច្នេះ ទម្រង់នេះនាំឱ្យ មានគុណវិបត្តិមួយចំនួន គឺ វាធ្វើឱ្យស្មេរ និងអ្នកអានមានការច្រឡំ ភាំងភាន់ ពិបាកអាន និងនាំឱ្យម្ចាស់សំណេរងាយភាន់ណាស់ ។
                          
ជំពូក១………………………………
          ១ ១…………………………
                     ១ ១ ១……………
                               ១ ១ ១ ១ ………………
                               ១ ១ ១ ២………………
                     ១ ១ ២……………
                               ២ ១ ១ ១ ………………
                               ២ ១ ១ ២………………

          ១ ២…………………………
                     ២ ១ ១……………
                               ២ ១ ១ ១ ………………
                               ២ ១ ១ ២………………
                     ២ ១ ២……………
                               ២ ១ ២ ១ ………………
                               ២ ១ ២ ២………………        
ជំពូក២………………………………
          ២ ១…………………………
                     ២ ១ ១……………
                               ២ ១ ១ ១ ………………
                               ២ ១ ១ ២………………
                     ២ ១ ២……………
                               ២ ១ ២ ១ ………………
                               ២ ១ ២ ២………………
          ២ ២…………………………
                     ២ ២ ១……………
                               ២ ២ ១ ១ ………………
                               ២ ២ ១ ២………………
                     ២ ២ ២……………
                               ២ ២ ២ ១ ………………
                               ២ ២ ២ ២………………


រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

Friday, November 27, 2015

សេចក្តីផ្តើមនៃសារណា


សេចក្តីផ្តើម ជាទំព័រនាំមុខនៃតួសេចក្តី ។ សេចក្តីផ្តើមប្រៀបបាននឹងមុខផ្ទះ ឬក៏ប្រៀបនឹង វង់ភក្រ្តរបស់មនុស្សយើង ដែលអ្នកដទៃឆាប់ចាប់អារម្មណ៍។ ដូច្នេះ សេចក្តីផ្តើម វាក៏ជាទំព័រទាក់ទាញអ្នកអានឱ្យគេមានការជក់ចិត្តតាមដាននូវអំណានរបស់យើង។ នៅក្នុងសេចក្តីផ្តើមនេះ វាមាន៖
. លំនាំបញ្ហាៈប្រយោគប្រទាក់ (l’accroche)  
លំនាំបញ្ហានេះជាប្រយោគសំដៅទាក់ទាញអ្នកអាន។វាជាផ្លូវមួយនាំចូលទៅប្រធានបទសារណា។  ស្មេរ អាចចាប់ផ្តើមសំណេរដោយ៖
-     អត្ថបទគតិយុត្ត (រដ្ឋធម្មនុញ្ញា ក្រម ច្បាប់…មាត្រា ណាមួយ)
-     យោងលើព្រឹត្តការណ៍បច្ចុប្បន្នភាពជាក់ស្តែងដែលមានសារៈសំខាន់
-   ឃ្លាប្រយោគជាសុភាសិត ពាក្យស្លោក ឃ្លាសំណេរឬសម្តីរបស់វីរជន ស្ថាប័ន អ្នកប្រាជ្ញ វិទូ     អ្នកជំនាញឯកទេសពិសេសណាមួយ
-    ការសង្កេត ការធ្វើបទពិសោធន៍ ស្តិតិ ។ល។
២ ចំណូលបញ្ហាៈ
          ចំណូលបញ្ហា ជាការបញ្ចូលប្រធានបទដែលស្មេរបានគិត និងជ្រើសរើសទុកសម្រាប់សរសេរ។ ស្មេរត្រូវបញ្ជាក់ពី កម្មវត្ថុនៃការសិក្សាស្រាវជ្រាវៈ (l’objet de l’étude) អ្នកអានអាចយល់ពីប្រធានដែលស្មេរបានកំណត់ជ្រើសរើស  រួមទាំង ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវៈ (l’intérêt de l’étude)       អ្នកអានអាចយល់ពីផលប្រយោជន៍ដែលស្មេរនឹងធ្វើការបកស្រាយលើប្រធានបទ។
. ចំណោទបញ្ហាៈ (la problématique)
ចំណោទបញ្ហា ជាសំណួរដែលស្មេរត្រូវចោទជាចំណោទទាក់ទងនឹងប្រធានបទ ហើយស្មេរត្រូវពន្យល់ បំភ្លឺ បកស្រាយ ដោយបង្ហាញបញ្ហា និងដំណោះស្រាយ។  
តើអ្វីទៅជាចំណោទបញ្ហា?
ចំណោទបញ្ហា គឺជាសិល្បៈនៃការដាក់ជាសំណួរដ៏ប្រសើរ។ ចំណោទបញ្ហានាំមកនូវគំហើញនូវគំនិតលើប្រធានបទហើយផ្តល់ជាអ័ក្សជាមុខព្រួញនៃការស្រាវជ្រាវហើយវាអនុញ្ញាតដល់ការបំភ្លឺបញ្ជាក់នូវអំណះ អំណាងដែលបង្កើតជាផ្លែផ្កានៃការផលិត។
. ស្ថាបនាចំណោទបញ្ហា គឺចោទសួរទៅប្រធានបទ (គេត្រូវដាក់ជាសំណួរយ៉ាងណាឱ្យមានលក្ខណៈ សមហេតុសមផលដែលបង្កើតជាការពិភាក្សា)
. បង្កើតចំណោទបញ្ហា គឺបំប្លែងប្រធានបទជាសំណួរ  មានន័យថាៈ
-បំប្លែង បញ្ចូលប្រធានបទចូលក្នុងការពិភាក្សាៈបង្កើតបញ្ជី កម្រងសំណួរដែលប្រធានបទបានលើកឡើង។ គេត្រូវចោទសួរថា តើអ្វីជាផលប្រយោជន៍នៃប្រធានបទ?
-ស្មេរអាចបង្កើតចំណោទបញ្ហាជាប្រយោគមួយដែលប្រមូលផ្តុំនូវសំណួរទាំងឡាយដែលប្រធានបទបានលើកឡើង។​
. ប្រកាសប្លង់ៈ(l’annonce de plan)
ដើម្បីធ្វើការបកស្រាយ អធិប្បាយពីខ្លឹមសារនៃសាច់រឿង ស្មេរត្រូវដាក់បង្ហាញ ប្លង់មេ ជាជំពូកចំនួន​២ ឬ ៣ (២ជំពូកជាប្លង់ល្អប្រសើរជាង៣) ដល់មិត្តអ្នកអាន ដើម្បីដឹងជាមុនថាស្មេរ មានគោលគំនិតធំៗអ្វីខ្លះ?( ការបង្កើតជំពូកកាន់តែច្រើន នោះសំណេររបស់ស្មេរ មិនគាប់ប្រសើរទេ។ ដូច្នេះស្មេរ គួរតែជៀសវាង)
កំណត់សម្គាល់ៈ ស្មេរកុំភ្លេចប្រាប់អ្នកអាននៅក្នុងសេចក្តីផ្តើមនេះ ថា ស្មេរជ្រើសរើសយកវិធីសាស្រ្តណាខ្លះយកមកធ្វើការបកស្រាយ ដូចជា វិធីសាស្រ្តគុណភាពវិស័យ (qualitative) /និង វិធីសាស្រ្តបរិមាណវិស័យ(quantitative) និង/ឬ វិធីសាស្រ្តរងផ្សេងៗទៀត ។  
លើសពីនេះទៅទៀត ស្មេរ កុំភ្លេច ការប្រើប្រាស់ ឃ្លាភ្ជាប់សេចក្តី ពីសេចក្តីផ្តើមទៅតួសេចក្តី ក៏ដូចពីតួសេចក្តីទៅសេចក្តីសន្និដ្ឋានផងដែរ។


រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

ចំនុចសម្គាល់មួយចំនួនសម្រាប់សរសេរសារណា( Mémoire)


សារណា ជា ប្រភេទឯកសារមួយបែបជាកិច្ចការសំណេរដែលនិស្សិតបញ្ចប់ឆ្នាំសិក្សាចងក្រងរៀបរៀងតាក់តែងឡើង និងការពារ លើប្រធានបទមួយ ដើម្បីបញ្ជាក់ពីសមត្ថភាពចំណេះដឹងចំណេះធ្វើ ក្រោយពីពួកគេបានសិក្សាជាច្រើនឆ្នាំមក(បរិញ្ញាបត្រ ៤ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់ ២ឆ្នាំ)  លើវិស័យណាមួយ ហើយត្រូវបានគណៈកម្មការពិនិត្យ វាយតម្លៃ ផ្តល់ជាពិន្ទុ និទ្ទេស សម្រាប់ផ្តល់សញ្ញាបត្រដល់និស្សិតដែលបានសិក្សាលើជំនាញ ឬកម្រិតណាមួយ។ សារណាមាន សារណាសម្រាប់កម្រិតបរិញ្ញាបត្រ និងសារណាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ។

.ប្រភេទសារណា
តើសារណាមានប្រភេទបែបណាខ្លះ?
.. គន្ថរចនាសារណា ( le mémoire-compilation)
និស្សិតជ្រើសរើសប្រធានបទសិក្សាស្រាវជ្រាវមួយ ដោយប្រមូលផ្តុំទៅលើចំនុចសំខាន់នៃទ្រឹស្តីដែលធ្វើការបកស្រាយទៅលើចំណោទបញ្ហា។ និស្សិតធ្វើការវិភាគនិងធ្វើការបង្ហាញបកស្រាយរិះគន់ ។ការខិតខំប្រឹងប្រែងរបស់និស្សិតផ្តោតទៅលើការបង្ហាញសមត្ថភាពយល់ដឹងពីការងារដែលពួកគេបានធ្វើ យល់ដឹងពីសញ្ញានីយការណ៍(ការដឹងដោយវិញ្ញាណ)នៃទស្សនៈផ្សេងៗ និងយល់ដឹងពីសិល្បៈនៃបទបង្ហាញពីស្ថានភាពលើការពិភាក្សាដោយបញ្ជាក់ពីឥរិយាបទផ្ទាល់ខ្លួន
.. សារណាស្រាវជ្រាវ( le mémoire-recherche)
 និស្សិត សិក្សា ស្រាវជ្រាវលើប្រធានបទថ្មីមួយ ឬ ប្រធានបទរុករកគំហើយខ្លះៗ ។ ប្រភេទសារណានេះ  តម្រូវឱ្យមានការដំណើរការធ្វើអង្កេតលក្ខណៈជាសារជាតិ ជានិច្ចកាល ជាការស្រាវជ្រាវសម្អាង លើការពិសោធន៍ និស្សិតត្រូវចុះទៅទីកន្លែងស្រាវជ្រាវផ្ទាល់
.. សារណាវិភាគលើបទពិសោធន៍( le mémoire-analyse d’éxpérences)
សារណាបែបនេះ វាស្ថិតនៅក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជាន់ខ្ពស់នៅពេលដែលនិស្សិត​បានប្រតិបត្តិនូវកម្មសិក្សា  ឬក៏និស្សិតធ្លាប់មានបទពិសោធន៍ក្នុងសកម្មភាពការងារណាមួយ ។  សារណាប្រភេទនេះ សង្កត់ធ្ងន់ទៅលើការបង្ហាញពីបទពិសោធន៍​ ការធ្វើការវិភាគ ជានិច្ចកាលទៅលើការធ្វើការប្រៀបធៀបជាមួយការងារដែលមានសកម្មភាពស្រដៀងគ្នា ។ ជាញឹកញាប់ សារណាទម្រង់នេះ បើកច្រកទៅរកការតាក់តែងជាសំណើដោយផ្តល់ទៅលើការតាមដាន អង្កេត ហើយថែមទាំង តម្រង់ទិសទៅលើសកម្មភាពការងារ។

 .តើយើងត្រូវជ្រើសរើសប្រភេទប្លង់ណាមួយ?
ប្លង់សារណាអាចប្រែប្រួលទៅតាមប្រធានសារណា ទៅតាមវិស័យនីមួយៗ ។ ប្លង់រៀបចំយ៉ាងណាឱ្យមានទំនាក់ទំនងនឹងប្រធាន ចំណោទបញ្ហា ។ ​នេះជាប្រភេទប្លង់មួយចំនួនដែលយើងអាចយកមកប្រើប្រាស់ៈ

ប្រភេទប្លង់
វិធីសាស្រ្ត
ប្លង់កាលប្រវត្តិវិទ្យា
ធ្វើការរៀបតាមកាលបរិច្ឆេទ តាមជំនាន់ សម័យកាលដោយរៀបចំឱ្យមានលក្ខណៈបញ្ជាក់យ៉ាងច្បាស់លាស់
ប្លង់តាមទិដ្ឋភាពនិងលក្ខណៈវិនិច្ឆ័យ
ជម្រើសនៃជ្រុងមួយចំនួនដែលប្រធានបទខិតជិត នៅកៀកក្បែរ
ប្លង់បែបទស្សនៈ
បង្ហាញរាល់ទស្សនៈ គំនិត យោបល់
ប្លង់ពណ៌នា
ពណ៌នាតាមផ្នែកនីមួយៗ
ប្លង់ប្រៀបធៀប
បង្ហាញភាពដូច និងភាពខុសគ្នា
ប្លង់ពិភាក្សា
បញ្ជាក់ជា២ផ្នែកៈបញ្ជាក់ពី គំនិតស្រប និងគំនិតជំទាស់
ប្លង់វិចារវិទ្យា
ពន្យល់ជា៣ផ្នែកៈទស្សនកថា បដិទស្សនកថា និង សំយោគទស្សនកថា
ប្លង់វិទ្យាសាស្រ្ត
ហេតុការណ៍  សម្មតិកម្ម ការពិនិត្យផ្ទៀងផ្ទាត់សម្មតិកម្ម  ដំណោះស្រាយ
ប្លង់វេជ្ជវិនិច្ឆ័យ
បញ្ហា វិភាគស្ថានភាព ស្រាវជ្រាវដំណោះស្រាយ និងធ្វើការសម្រេច
ប្លង់ (SOSRA)
ស្ថានភាព សង្កេត អារម្មណ៍ ការគិតពិចារណា សកម្មភាព
ប្រភពៈEckenschwiller,M.,L’Ecrit universitaire,Les Editions d’Organisation, 1994,p47.

 .ត្រូវជៀសវាងការប្រើប្រាស់ បុរិសសព្វនាមៈ  ខ្ញុំ   យើង   គេ
សំណេរ សារណា និក្ខេបទ ត្រូវតែ ប្រកាន់យក អបុគ្គលិកលក្ខណៈ មិនចំពោះនរណាម្នាក់ មិនមែនជារបស់នរណាម្នាក់ឡើយ
 ការប្រើប្រាស់ បុរិសសព្វនាម ខ្ញុំ  វាហាក់ដូចជា ក្រអឺតក្រទម អំណួតអួតអាង និង មានលក្ខណៈ     មជ្ឈត្តិកៈ(ដែលគិត និយម ថា ខ្លួនជាអ្នកឆ្នើមក្នុងលោក)។ ម៉្យាងវិញទៀត  ការប្រើពាក្យ ខ្ញុំ នេះ វាពិតជាគ្រោះថ្នាក់ ពីព្រោះថា អ្នកសរសេរសារណា និក្ខេបទ ប្រឈមនឹងការបញ្ចូល ទាញយកគំនិត ទស្សនៈ យោបល់របស់អ្នកដទៃដែលគំនិតទាំងនោះ វាមិនមែនជារបស់អ្នកសរសេរឡើយ វាជា សម្តី គំនិតដែលរៀមច្បង អ្នកសរសេរជំនាន់ចាស់ គេបានសរសេរទុក មុនអ្នកសរសេរទៅទៀត។
ការប្រើប្រាស់នូវ សព្វនាមបុរិសៈ យើង ក៍ត្រូវជៀសវាងផងដែរ ។
 ពាក្យ គេ មានលក្ខណៈអបុគ្គលិកលក្ខណៈមែន តែវា ទូលំទូលាយណាស់ ​វាផ្តល់នូវចំណាប់អារម្មណ៍មួយដែលមានភាពមិនច្បាស់លាស់
អាស្រ័យហេតុនេះ អ្នកសរសេរត្រូវជៀសវាង ការប្រើពាក្យ  ខ្ញុំ យើង គេ  
ឧទាហរណ៍ ឃ្លាត្រូវជៀសវាងៈ ខ្ញុំ​ (យើង) បានកំណត់ទំហំផ្ទៃដី៣ហិតា។
               អ្នកត្រូវសរសេរៈ ទំហំផ្ទៃដីត្រូវបានកំណត់៣ហិតា។  



រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

ម៉ោងលើពិភពលោក